នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅនេះ សារព័ត៌មាន BBC បានចេញផ្សាយថា សង្កាត់ Addition Hills នៅក្រុង Manila ប្រទេសហ្វីលីពីន បានបង្កើតកម្មវិធីមួយឈ្មោះ «ចាប់មូសបានលុយ» ដោយពលរដ្ឋណាចាប់មូសបាន ៥ ក្បាលនឹងទទួលបានប្រាក់ចំនួន ១ ប៉េសូ (០.០១៧ ដុល្លារ) ដើម្បីជាយុទ្ធសាស្ត្រក្នុងការបញ្ចៀសការរាតត្បាតនៃជំងឺគ្រុនឈាម។

កម្មវិធីនេះដែរ នឹងធ្វើឡើងចំនួន ១ ខែពេញ ដោយប្រាក់រង្វាន់ទទួលបានគឺសម្រាប់ការចាប់មូសទាំងនៅរស់ មូលទះងាប់ស្រាប់ ឬសូម្បីតែពងមូស (ដង្កូវទឹក)។ គួរឱ្យដឹងថា ប្រទេសហ្វីលីពីនថ្មីៗនេះ កើតមានការផ្ទុះឆ្លងជំងឺគ្រុនឈាមខ្លាំង ហើយខាងសង្កាត់ Addition Hills បង្កើតកម្មវិធី «ចាប់មូសបានលុយ» នេះឡើង ក្រោយសិស្សក្នុងតំបន់ចំនួន ២ នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម។

យ៉ាងណាមិញ ក្រោយកម្មវិធីមួយនេះប្រកាសឡើងគឺបានទទួលការចាប់អារម្មណ៍ និង ផ្ទុះការវែកញែកព្រោងព្រាត រហូតមានអ្នកលេងបណ្ដាញសង្គមម្នាក់ខមមិនថា៖ «តែប៉ុណ្ណេះមានអ្នកចិញ្ចឹមមូសយកលុយហើយ»។ ដោយឡែក លោក Carlito Cernal ចៅសង្កាត់ Addition Hills បានចេញមកបញ្ជាក់ច្បាស់ៗថា កម្មវិធីមួយនេះគឺសំខាន់ណាស់សម្រាប់សុខភាពសាធារណៈ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការបំបាត់ជំងឺគ្រុនឈាមផងដែរ ដោយយុទ្ធនាការទាំងនោះរួមមានការសម្អាតតាមដងផ្លូវ និង លុបបំបាត់ទីតាំងថ្លុកទឹកនានាដែលអាចឱ្យមូសពងដាក់បាន៕