ទីតាំងបារៀបចំឡើងដូចបរិយាកាសក្នុងគុក កំពុងក្លាយជាកន្លែងដ៏ពេញនិយមក្នុងបណ្ដាទីក្រុងជាច្រើននៅប្រទេសចិន រាប់ចាប់ពីទីក្រុង Qingdao ខេត្ត Shandong ក្រុង Hangzhou ខេត្ត Zhejiang រហូតដល់ទីក្រុង Chongqing។ ក្នុងបាទាំងនោះ គឺច្នៃឡើងមកមើលទៅដូចពន្ធនាគារពិតៗ មានតាំងពីរនាំងគុក រូបអ្នកទោស រូបជនសង្ស័យ និង ខ្នោះច្រវាក់ជាដើម។
ភ្ញៀវដែលចូលក្នុងបានោះ គឺតម្រូវឱ្យពាក់ឯកសណ្ឋានពណ៌ទឹកក្រូចដែលជាឯកសណ្ឋានអ្នកទោស ដៃកាន់ក្រដាសប្រកាសបញ្ជាក់ពីបទល្មើសដែលប្រព្រឹត្ត ថតរូបអ្នកទោស មុននាំចូលទៅកាន់បន្ទប់ឃុំខ្លួន។ ដោយឡែក នៅបាខ្លះក៏មានដំឡើងបន្ទប់សួរនាំ រួមមកជាមួយខ្នោះដៃ ច្រវាក់ជើង និង ដំបង ដើម្បីធ្វើឱ្យបរិយាកាសកាន់តែដូចក្នុងគុកខ្លាំង។
ចំណែក អ្នកបម្រើក្នុងហាងវិញស្លៀកពាក់ក្នុងឯកសណ្ឋានជាអ្នកយាមគុក ទាក់ទងជាមួយភ្ញៀវដោយការសួរពីបទល្មើសដែលពួកគេប្រព្រឹត្ត និង រំឭកពួកគេឱ្យធ្វើតាមវិន័យគុក ដូចជាហាមប្រាមមិនឱ្យគោះតុ ឬកៅអីជាដើម។ ចំពោះតម្លៃវិញ ជាមធ្យមគឺ ៥០ យ័ន (ប្រមាណ ៧.៩ ដុល្លារ) សម្រាប់ការផឹកភេសជ្ជៈដូចជា ស្រាក្រឡុក សូដា ឬកាហ្វេ ហើយសម្រាប់បាខ្លះទៀត ភ្ញៀវដែលចូលគឺតម្រូវឱ្យបង់ប្រាក់បន្ថែម ១០ យ័ន (ប្រមាណ ១.៥ ដុល្លារ) ដើម្បីជួលឯកសណ្ឋានគុក។
គំនិតច្នៃប្រឌិតដ៏ពេញនិយមថ្មីនេះដែរគឺបានទាក់ទាញយុវវ័យជាច្រើន រហូតហាងខ្លះភ្ញៀវឡើងកកកុញ ឈរតម្រង់ជួរដល់ ២០ នាទីអីទើបបានចូលក៏មាន។ ទោះជាយ៉ាងណា ការបង្កើតវិធីសាស្ត្រកម្សាន្តថ្មីនេះក៏ទទួលបានមតិរិះគន់មិនពេញចិត្តច្រើនដូចគ្នា ដោយមហាជនមួយចំនួនលើកឡើងថា ពន្ធនាគារគឺជាកន្លែងតឹងរឹងសម្រាប់ដាក់ពិន័យ អប់រំ និង កែប្រែជនល្មើស។ ការយកកន្លែងបែបនេះមកធ្វើជាកន្លែងកម្សាន្តបែបនេះគឺធ្វើឱ្យមនុស្សលែងគោរពច្បាប់ និង អាចបណ្ដាលឱ្យប៉ះពាល់ជនរងគ្រោះ និង ក្រុមគ្រួសាររបស់ពួកគេ៕
ប្រភព៖ Kenh14