កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ កំពូលតារាចម្រៀងស្រី Taylor Swift បានអញ្ជើញចូលរួមក្នុងកម្មវិធីផតខាស «The Zane Lowe Show» ដោយក្នុងកម្មវិធីនោះ Taylor បាននិយាយថា នាងគឺទទួលរាល់ពាក្យសរសើរ និង រិះគន់ លើអាល់ប៊ុមថ្មី «The Life of a Showgirl» របស់នាង។
តារាចម្រៀងស្រី Taylor បានហៅការទទួលមតិប្រតិកម្មចម្រុះគ្នានេះថាជាភាពវឹកវរ ហើយព្រមស្វាគមន៍រាល់មតិគ្រប់បែបយ៉ាង ព្រោះថាក្នុងវិស័យឧស្សាហកម្មកម្សាន្តគឺមានគោលការណ៍មួយ៖ «ប្រសិនបើឈ្មោះអ្នកចម្រៀង និង អាល់ប៊ុមគេ ត្រូវបានសាធារណជនលើកឡើងមកនិយាយក្នុងសប្ដាហ៍ដំបូងដែលអាល់ប៊ុមរបស់ពួកគេបានបញ្ចេញទៅនោះ នេះគឺជាជោគជ័យមួយហើយសម្រាប់ពួកគេ»។
Taylor Swift បាននិយាយថា៖ «ខ្ញុំមិនមែនជាប៉ូលិសសិល្បៈនោះឡើយ។ គ្រប់គ្នាគឺអនុញ្ញាតឱ្យទទួលសិល្បៈណាមួយដែលពួកគេចង់បាន។ ក្នុងនាមជាអ្នកបម្រើអារម្មណ៍ទស្សនិកជន គោលបំណងរបស់ពួកយើងគឺដើម្បីធ្វើជាកញ្ចក់ឆ្លុះជីវិត»។
តាមការលើកឡើងរបស់តារាចម្រៀង Taylor Swift ចង់មានន័យថា ទស្សនិកជនរបស់នាងគឺអាចឆ្លុះគិតពីជីវិតខ្លួនឯង នៅពេលពួកគេស្ដាប់រាល់អាល់ប៊ុមរបស់នាងនីមួយៗ។ នាងជឿជាក់ថា អ្វីដែលអ្នកគាំទ្របានឆ្លងកាត់ នឹងប៉ះពាល់គំនិតរបស់ពួកគេពាក់ព័ន្ធនឹងចម្រៀងរបស់នាងឬក៏អត់។ នាងបានលើករំឭកកាលពីមុនថា មានមនុស្សជាច្រើនបាននិយាយថា ពួកគេគឺស្ដាប់បទចម្រៀងនាងមួយចំនួនមិនចូលសោះ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរក្រោយមក។
Taylor និយាយថា៖ «ខ្ញុំចូលចិត្តស្ដាប់អ្នកគាំទ្រនិយាថា «ខ្ញុំដូចមិនសូវចូលចិត្តអាល់ប៊ុម Reputation សោះ តែក្រោយមកវាជាអាល់ប៊ុមខ្ញុំចូលចិត្តជាងគេ» ឬក៏ពួកគេនិយាយថា «ខ្ញុំធ្លាប់ជាហ្វេន Fearless ប៉ុន្តែឥលូវខ្ញុំងប់នឹង Evermore ហើយ»។
សរុបមក តារាចម្រៀង Taylor Swift គឺគោរពរាល់មតិរិះគន់មកលើចម្រៀងរបស់នាង ព្រោះថា មនុស្សគ្រប់គ្នាគឺមានសិទ្ធិក្នុងការយល់ឃើញចំពោះអាល់ប៊ុមថ្មីរបស់នាងតាមតែអ្វីដែលពួកគេចង់បាន៕