កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ យន្តហោះដឹកអ្នកដំណើរ American Airlines បានជួបបញ្ហាភ្លើងឆាបឆេះម៉ាស៊ីនអំឡុងពេលប្ដូរទិសដៅមកចុះចតនៅក្រុង Denver បណ្ដាលឱ្យអ្នកដំណើរភ័យស្លន់ស្លោជម្លៀសខ្លួនឡើងទៅលើស្លាបយន្តហោះ នេះបើតាមការបញ្ជាក់ពីខាងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA)។

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines ជើងហោះហើរលេខ AA1006 ហោះចេញពីទីក្រុង Colorado Springs និង បានចុះចតដល់ក្រុង Denver សហរដ្ឋអាមេរិកនៅវេលាម៉ោងប្រមាណ ៥ និង ១៥ នាទីយប់ (ពេលវេលាក្នុងតំបន់) ក្រោយផ្លាស់ប្ដូរពីគោលដៅដើមនៅ Dallas ពេលដែលបុគ្គលិករាយការណ៍ថាមានភាពរំញ័រនៅម៉ាស៊ីន។

វីដេអូស្ដែងៗជាច្រើននៅកន្លែងកើតហេតុបានបង្ហាញឱ្យឃើញអ្នកដំណើរជាច្រើនបាននាំគ្នាទៅឈរលើស្លាបយន្តហោះមុនពេលត្រូវជម្លៀសចេញពីទីនោះ ខណៈផ្សែងយ៉ាងខ្មួលខ្មាញ់ភាយចេញពីម៉ាស៊ីនយន្តហោះ។ តាមការរៀបរាប់របស់ខាងព្រលានបានឱ្យដឹងថា៖ «ក្រោយចុះចតដោយសុវត្ថិភាព និង រំកិលដល់ច្រកនាព្រលានយន្តហោះអន្តរជាតិ Denver យន្តហោះ American Airline លេខ 1006 បានជួបប្រទះបញ្ហាពាក់ព័ន្ធនឹងគ្រឿងម៉ាស៊ីន។

អ្នកដំណើរទាំង ១៧២ នាក់ រួមទាំងបុគ្គលិក ៦ នាក់លើយន្តហោះនោះត្រូវបានជម្លៀសចេញ និង នាំពួកគេដល់ច្រកចូលព្រលាន។ ពួកយើងសុំធ្វើការអរគុណដល់បុគ្គលិក ក្រុមការងារនៅព្រលាន Denver ក៏ដូចជាក្រុមឆ្លើយតបបន្ទាន់សម្រាប់ការចុះប្រតិបត្តិការណ៍ដ៏រហ័ស ដោយចាត់ទុកសុវត្ថិភាពអ្នកដំណើរលើយនតហោះ និង អ្នកនៅខាងក្រោមជាចម្បង»។ គួរបញ្ជាក់ផងដែរថា ខាងរដ្ឋបាលអាកាសចរណ៍សហព័ន្ធបញ្ជាក់ថា ពួកគេនឹងធ្វើការស៊ើបអង្កេតលើករណីនេះ៕
ប្រភព៖ Kenh14