កាលពីរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ព្យុះទីហ្វុង កាជិគី បានបោកបក់វាយប្រហារដល់បណ្ដាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសវៀតណាម បណ្ដាលឱ្យមនុស្ស ៣ នាក់ត្រូវបាត់បង់ជីវិត ១៣ នាក់រងរបួស បោកប៉ើងដំបូលផ្ទះរាប់ពាន់ និង ជន់ពន្លិចផ្ទះពលរដ្ឋជាង ៣ ពាន់ខ្នង។
តាមការចេញផ្សាយរបស់សារព័ត៌មាន VN Express បានបញ្ជាក់ថា ដំបូលផ្ទះពលរដ្ឋប្រមាណជាង ៦៨០០ ខ្នងត្រូវខ្យល់បក់ប៉ើងខ្ទេច ហេដ្ឋារចនាសម្ព័ន្ធ និង ផ្ទៃដីកសិកម្មរាប់ពាន់ហិកតារងការខូចខាតខ្លាំង។ ងាកទៅទីក្រុងហាណូយវិញ នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នេះ ដងផ្លូវជាច្រើនក្នុងក្រុងរងការលិចលង់ធ្ងន់ធ្ងរ យានជំនិះពិបាកក្នុងការធ្វើដំណើរព្រោះតែទឹកលិចខ្លាំងពេក។
គួរបញ្ជាក់ថា ព្យុះ កាជិគី គឺជាព្យុះទី ៥ កកើតឡើងនៅសមុទ្រខាងកើតកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។ ព្យុះនេះដែរ ចាត់ទុកជាព្យុះដ៏ខ្លាំងក្លា និង ផ្លាស់ទីយ៉ាងលឿនចម្លែក វាឡើងដល់កម្រិតខ្ពស់ទី ១៤ ហក់ឡើងទៅដល់កម្រិតទី១៧ ដែលប្រហែលទៅនឹងព្យុះ Yagi ក្នុងឆ្នាំ ២០២៤ ទៅហើយ៕