កាលពីដើមសប្ដាហ៍កន្លងទៅ រូបភាពថត selfie មុខកញ្ចក់របស់តារាប្រុសតៃវ៉ាន់ Vanness Wu បានធ្វើឱ្យមានការផ្ទុះវែកញែកខ្លាំងពេញបណ្ដាញសង្គម Weibo។

ជាក់ស្ដែងតាមការបង្ហោះមួយបានសរសេររៀបរាប់ថា៖ «Vanness Wu បានស្រកអស់ ២០ គីឡូ» អមដោយរូបភាពបង្ហាញឱ្យឃើញតួអង្គក្នុងរឿង F4 រូបនេះ មានមុខបាក់ ឃើញទម្រង់ឆ្អឹងច្បាស់ៗរហូតធ្វើឱ្យអ្នកគាំទ្រលោកជាច្រើនសម្ដែងការព្រួយបារម្ភ។

ក្នុងនោះមានអ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា៖ «គាត់មើលទៅឃើញតែឆ្អឹង គួរឱ្យខ្លាច» ខណៈម្នាក់ទៀតលើកឡើងថា៖ «មនុស្សយើងពេលស្គមខ្លាំង មើលទៅចាស់ភ្លាមៗ»។ ដោយឡែក មនុស្សមួយចំនួនទៀតគិតថា Vanness Wu សម្រកគីឡូដើម្បីកម្មវិធីប្រគំតន្ត្រីក្រុម F4 ជួបជុំគ្នា ដែលនឹងធ្វើឡើងនៅសៀងហៃចាប់ពីថ្ងៃទី ១៩-២២ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។

យ៉ាងណាមិញ ស្របពេលអ្នកគាំទ្រនាំគ្នាវែកញែកពីស្ថានភាពរូបរាងរបស់លោក Vanness Wu ក៏បានចេញមកឆ្លើយតបភ្លាមៗ កុំឱ្យអ្នកគាំទ្របារម្ភតទៅទៀត។ លោកបានបង្ហោះវីដេអូថ្មីមួយដោយបញ្ជាក់មូលហេតុរូបភាពថតឃើញស្គម ដោយសារតែលោក selfie ខុស angle មិនមែនលោកមានបញ្ហាសុខភាពអ្វីនោះទេ។

លោកបានរៀបរាប់ថា៖ «ជំនាញ selfie ពិតជាសំខាន់ណាស់ ហើយដូចដែលបានឃើញ ខ្ញុំអត់ជំនាញ selfie ទេ។ ខ្ញុំមិនបានស្រកគីឡូខ្លាំងអីនោះទេ តែអាចដោយសារពន្លឺពេលថត ឬមកពី angle មិនល្អ»៕