ក្រោយករណីលួចគ្រឿងអលង្ការមានតម្លៃនៅសារមន្ទីរ Louvre នៅមុនទាន់ដោះស្រាយបានផង ឥលូវសារមន្ទីរមួយទៀតឈ្មោះ Maison des Lumieres Denis Diderot នៅសហគមន៍ Langres ប្រទេសបារាំង ក៏ជួបករណីលួចយកវត្ថុបុរាណមានតម្លៃអស់ជាច្រើនដូចគ្នា។

ករណីចោរចូលលួចសារមន្ទីរខាងលើនេះ ត្រូវប៉ូលិសក្រុងប្រទះឃើញនៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) ដោយទ្វារចូលសារមន្ទីរបានគាស់បើក ប្រអប់ដាក់តាំងគ្រឿងបុរាណក្នុងសារមន្ទីរត្រូវវាយកម្ទេច និង វត្ថុទ្រព្យមានតម្លៃជាច្រើនបានបាត់។

តាមព័ត៌មានបានឱ្យដឹងថា កាក់បុរាណមានតម្លៃប្រមាណជិត ២ ពាន់កាក់ត្រូវបានចោរលួចពីក្នុងសារមន្ទីរ ដោយកាក់មានតម្លៃទាំងនោះរួមមាន កាក់ប្រាក់ចំនួន ១៦៣៣ កាក់ និង កាក់មាសចំនួន ៣១៩ ជាកាក់បុរាណមកពីជំនាន់សតវត្សរ៍ទី ១៨ និង ១៩។

បច្ចុប្បន្ន ខាងអាជ្ញាធរក្នុងប្រទេសបារាំង កំពុងដាក់ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើករណីចោរលួចក្នុងសារមន្ទីរនេះ។ ទីតាំងកើតហេតុត្រូវបានប្រកាសបិទមិនឱ្យភ្ញៀវចូលទស្សនាជាបណ្ដោះអាសន្ន រហូតមានការបញ្ជាក់ដំណឹងតាមក្រោយ៕
