តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាំពាក្យរបស់ខាងក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា អាមេរិកកំពុងប្រមូលព័ត៌មានជុំវិញករណីទាហានថៃជាន់មីនរបួសក្បែរព្រំដែនប្រទេសកម្ពុជា ព្រមទាំងជំរុញឱ្យប្រទេសជិតខាងទាំងពីររក្សាស្ថិរភាព និង គោរពអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព។

ការជំរុញពីខាងសហរដ្ឋអាមេរិកនេះដែរ បានធ្វើឡើងក្រោយប្រទេសថៃប្រកាសផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជា បន្ទាប់ពីមានទាហានរបស់ខ្លួនចំនួន ៤ នាក់បានជាន់មីនរបួស ដោយម្នាក់ត្រូវបាត់បង់ជើងម្ខាង។

ភាគីថៃបានចោទប្រកាន់មកលើកម្ពុជាថាបានលួចបង្កប់មីនថ្មីៗតាមបណ្ដោយព្រំដែនដែលកំពុងមានជម្លោះ ដែលជាហេតុធ្វើឱ្យនាយករដ្ឋមន្ត្រីថៃ លោក Anutin ប្រាប់ទៅក្រសួងការពារជាតិរបស់ខ្លួន ឱ្យផ្អាករាល់កិច្ចព្រមព្រៀងជាមួយកម្ពុជាទាំងអស់។

ដោយឡែក ខាងក្រសួងការពារជាតិកម្ពុជា បានធ្វើការច្រានចោលនូវការចោទប្រកាន់ថាកម្ពុជាបង្កប់មីនថ្មី និង ជំរុញឱ្យភាគីខាងថៃចៀសវាងដើរល្បាតតាមតំបន់ដែលមានមីនចាស់ៗ ហើយកម្ពុជានៅតែប្តេជ្ញាធ្វើការជាមួយថៃ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ៕

ប្រភព៖ Reuters