ថ្មីៗកន្លងទៅនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី រួមនឹងការចូលរួមធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ប្រទេសថៃផងដែរ។ យ៉ាងណាមិញ ក្នុងដំណើរចូលរួមកិច្ចប្រជុំនៅអាស៊ីលើកនេះដែរ មហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើយន្តហោះរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចុះចតនោះ ដែលជាប្រភេទយន្តហោះកំពូល មានលក្ខណៈពិសេសៗច្រើនដែលយន្តហោះធម្មតាមិនមាន។


យន្តហោះដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ជិះនោះដែរ ជាយន្តហោះ Air Force One ជាប្រភេទយន្តហោះពិសេស មានលក្ខណៈអស្ចារ្យជាច្រើនតាំងពីក្រៅដល់ក្នុង។ យន្តហោះនេះដែរ មានបំពាក់ទៅដោយប្រព័ន្ធសន្តិសុខ និង ប្រព័ន្ធការពារខ្លួនខ្ពស់ អាចការពារពីការវាយប្រហារដោយគ្រាប់មីស៊ីល និង អាចទប់ទល់នឹងបន្ទុះនុយក្លេអ៊ែរ។ ខាងក្នុងយន្តហោះវិញ ក៏មានបន្ទប់គ្រប់គ្រងបណ្ដាញទូរគមនាគមន៍យ៉ាងទំនើប រួមទាំងបន្ទប់គ្រប់ផ្នែកជាច្រើនទៀត រួមមានបន្ទប់ការិយាល័យរបស់ប្រធានាធិបតី បន្ទប់ទឹក បន្ទប់វេជ្ជសាស្ត្រ និង បន្ទប់រៀបចំអាហារ ជាដើម។

ជាក់ស្ដែង ខាងក្នុងមានបន្ទប់រៀបចំអាហារចំនួន ២ ដោយបុគ្គលិកលើយន្តហោះអាចរៀបចំអាហារបម្រើដល់មនុស្សប្រមាណ ១០០ នាក់។ បន្ថែមពីនេះ ក្នុងយន្តហោះក៏មានបន្ទប់វេជ្ជសាស្ត្រ និង ទីតាំងសម្រាប់វះកាត់ករណីមានបញ្ហាសង្គ្រោះបន្ទាន់ ហើយជាងនេះទៅទៀតក៏មានវេជ្ជបណ្ឌិតប្រចាំការម្នាក់ធ្វើដំណើរជាមួយប្រធានាធិបតីជាប់រាល់ពេលដែលលោកធ្វើដំណើរ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ យន្តហោះ Air Force One គឺបង្កើតឡើងមកជាមួយសមត្ថភាពអាចបញ្ចូលសាំងលើអាកាសបាន ពោលគឺមានន័យថា យន្តហោះនេះអាចធ្វើដំណើរឥតដែនកំណត់នៅជុំវិញពិភពលោក ដោយមិនចាំបាច់ត្រូវចុះចតបញ្ចូលសាំងនោះឡើយ៕
