យ៉ាងហោចណាស់អ្នកដំណើរ និង បុគ្គលិកយន្តហោះ Air India ចំនួន ៧ នាក់ធ្លាក់ខ្លួនឈឺមិនស្រួលខ្លួន អំឡុងពេលធ្វើការហោះហើររយៈពេល ៩ ម៉ោងពីទីក្រុងឡុងដុង ប្រទេសអង់គ្លេសឆ្ពោះទៅកាន់ទីក្រុង Mumbai ប្រទេសឥណ្ឌា ដោយសង្ស័យថាពួកគេពុលចំណីអាហារ។
កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ អ្នកដំណើរចំនួន ៥ នាក់ និង បុគ្គលិកលើយន្តហោះចំនួន ២ នាក់ បាននាំគ្នាកើតមានអាការវិលមុខចង់ក្អួត ខណៈយន្តហោះ Air India ជើងហោះហើរលេខ AI-130 កំពុងធ្វើដំណើរឆ្ពោះទៅទីក្រុង Mumbai ប្រទេសឥណ្ឌា។
តាមសេចក្ដីប្រកាសផ្លូវការពីខាងក្រុមហ៊ុន Air India បានថ្លែងបញ្ជាក់ថា៖ «លើជើងហោះហើរលេខ AI-130 ចេញពីឡុងដុងទៅ Mumbai មានអ្នកដំណើរចំនួន ៥ នាក់ និង បុគ្គលិករបស់យើងចំនួន ២ នាក់កើតមានអាការវិលមុខ និង ចង់ក្អួត អំឡុងពេលហោះហើរ។ ពួកយើងបានត្រៀមក្រុមគ្រូពេទ្យជំនាញដើម្បីធ្វើការសង្គ្រោះក្រោយយន្តហោះចុះចតដល់ Mumbai ដោយសុវត្ថិភាព។ ក្នុងនោះដែរ អ្នកដំណើរ ២ នាក់ និង បុគ្គលិករបស់យើង ២ នាក់នៅតែមិនស្រួលខ្លួនក្រោយចុះចត ដូច្នេះពួកគេត្រូវបាននាំទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យបន្ថែម។ ពួកយើងបានផ្ដល់ដំណឹងនេះទៅខាងនិយតករ ហើយក៏កំពុងតែពិនិត្យមើលលើករណីនេះផងដែរ»៕
ប្រភព៖ Dailymail