នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មហាជនអ្នកគាំទ្ររឿងភាគកូរ៉េជាច្រើនបង្ហាញការរំភើបចិត្ត ក្រោយទទួលដំណឹងថា គូស្នេហ៍តារាសម្ដែងដ៏ល្បី Shin Min Ah និង Kim Woo Bin ប្រកាសពីថ្ងៃរៀបការរបស់ពួកគេហើយ ក្រោយទាក់ទងមើលចិត្តថ្លើមគ្នារយៈពេល ១០ ឆ្នាំមកនេះ។


ដំណឹងដ៏រីករាយនេះដែរបានប្រកាសដោយទីភ្នាក់ងាររបស់ពួកគេផ្ទាល់ AM Entertainment ដោយក្នុងសេចក្ដីប្រកាសបានរៀបរាប់ថា៖ «សួស្ដី នេះគឺ AM Entertainment។ ពួកយើងចង់ចែករំលែកដំណឹងរីករាយខ្លះៗពាក់ព័ន្ធនឹងតារាសម្ដែងរបស់ពួកយើង Shin Min Ah និង Kim Woo Bin។ ដោយផ្នែកលើទំនុកចិត្ដដ៏ជ្រាលជ្រៅដែលពួកគេខំសាងក្នុងទំនាក់ទំនងដ៏យូរអង្វែងមួយនេះ Shin Min Ah និង Kim Woo Bin បានសន្យានឹងក្លាយជាដៃគូជីវិតជាមួយគ្នា។

ពិធីមង្គលការរបស់ពួកគេនឹងរៀបចំឡើងលក្ខណៈឯកជននៅថ្ងៃទី ២០ ខែធ្នូ ខាងមុខ នៅក្រុងសេអ៊ូល ដោយមានការចូលរួមតែពីសំណាក់ក្រុមគ្រួសារសងខាង សាច់ញាតិ និង មិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។ ពួកយើងសុំឱ្យអ្នកទាំងអស់គ្នាគាំទ្រ និង ជូនពរដល់គូស្នេហ៍មួយគូនេះ ខណៈពួកគេធ្វើការសម្រេចចិត្តដ៏មានតម្លៃមួយនេះ។ ពួកគេទាំងពីរនឹងនៅតែផ្ដោតលើការងារជាតារាសម្ដែង និង ខិតខំតបស្នងដល់ក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាមានចំពោះពួកគេ។ អរគុណ»៕




ប្រភព៖ Soompi