ក្រោយប្រកាសពីទំនាក់ទំនងស្នេហាជាមួយលោកវេជ្ជបណ្ឌិតរូបសង្ហាម្នាក់ជាសាធារណៈបានប្រហែលជាង ១ ឆ្នាំ ទីបំផុត នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៥ នេះ កំពូលតារាសម្ដែងស្រី Nancy Wu កាន់តែធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តៗរួមសិល្បៈរំភើប ដោយសាររូបនាងចេញមកប្រកាសលើបណ្ដាញសង្គម Instagram ថា រូបនាង និង គូស្នេហ៍ បានរៀបការក្លាយជាប្ដីប្រពន្ធពេញសិទ្ធិហើយ។
តាមរយៈការបង្ហោះនោះ Nancy បានបញ្ជាក់ថា នាង និង ស្វាមីថ្មីថ្មោងជាវេជ្ជបណ្ឌិតផ្នែកវះកាត់ឈ្មោះ Akin Chan បានចាប់ដៃគ្នារៀបការកាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ អមមកជាមួយកម្រងរូបភាពថ្ងៃមង្គលការច្រើនសន្លឹក មើលទៅពោរពេញដោយក្ដីសុខជាខ្លាំង។
គួររំឭកថា តារាសម្ដែងស្រី Nancy Wu បានប្រកាសពីទំនាក់ទំនងស្នេហារបស់នាងជាមួយលោក Akin កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ប៉ុន្តែពេលនោះនាងនៅមិនទាន់បង្ហាញអត្តសញ្ញាណគូស្នេហ៍នៅឡើយ។ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៥ Nancy ក៏បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈ អំឡុងពេលពួកគេធ្វើដំណើរកម្សាន្តជាមួយគ្នា៕