រឿងភាគហុងកុងរបស់ទូរទស្សន៍ TVB ចំណងជើង «Anonymous Signal» ឬ «តម្រុយមរណៈ» ដែលទើបតែចាក់ផ្សាយជាភាសាខ្មែរកាលពីពេលថ្មីៗកន្លងទៅនេះ សង្កេតឃើញថាទទួលបានការគាំទ្រទស្សនាយ៉ាងច្រើនផុសផុលពីមហាជនអ្នកគាំទ្ររឿងហុងកុងនៅកម្ពុជា។
ជាមួយសាច់រឿងបែបស៊ើបអង្កេតប្រទាក់ក្រឡាគ្នា វាយបាញ់បោះ បូករួមជាមួយឈុតឆាកស្នេហាបែបកំប្លែងពីតួឯកប្រុសស្រីក្នុងរឿង ធ្វើឱ្យអ្នកទស្សនាជក់ចិត្តបន់ឱ្យតែចេញភាគថ្មីឆាប់ៗ។
សន្ទុះនៃការគាំទ្រខ្លាំងក្លាពីមហាជននៅកម្ពុជានេះហើយ បានសាយភាយដល់តួឯកប្រុសស្រីក្នុងរឿងរហូតពួកគេចេញមុខផ្ញើក្ដីស្រឡាញ់ និង អរគុណដល់អ្នកគាំទ្រនៅកម្ពុជាដោយផ្ទាល់។
ជាក់ស្ដែង ក្ដៅៗថ្មីៗនេះ តារាសម្ដែងស្រី Tiffany Lau ដែលសម្ដែងជាតួអង្គ Wan Ka-lei ក្នុងរឿង «តម្រុយមរណៈ» បានបង្ហោះសារអរគុណអ្នកគាំទ្រកម្ពុជាលើហ្វេសប៊ុកផេករបស់នាង ដោយសារនោះបានរៀបរាប់ថា៖ «ពិតជាអរគុណខ្លាំងក្លាមែនទែន ដល់អ្នកគាំទ្រដ៏អស្ចារ្យរបស់យើងនៅកម្ពុជា។ ពួកយើងពិតជារីករាយមែនទែនដែលបានឮថារឿង Anonymous Signal ទីបំផុតបានចាក់ផ្សាយឱ្យគ្រប់គ្នាបានទស្សនា។ ពួកយើងបានឃើញរាល់ការ tag និង ឃ្លីបល្អៗលើបណ្ដាញសង្គម ហើយវាពិតជាកក់ក្ដៅមែនទែន។ អរគុណដែលផ្ដល់ក្ដីស្រឡាញ់ និង ការគាំទ្រយ៉ាងច្រើនដល់ពួកយើង។ ពួកយើងពិតជាសប្បាយចិត្តណាស់ដែលគ្រប់គ្នាពេញចិត្តរឿងនេះ»៕