កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ប្ដីប្រពន្ធមួយគូនៅក្រុង Guiyang ប្រទេសចិន បានធ្វើការបង្ហោះរូបភាពរបស់ពួកគេឈរបីកូនប្រុសសំណព្វអាយុ ១ ខួប ៤ ខែ ឈរមើលកាំជ្រួចនៅលើផ្លូវ។ មើលដំបូងៗរូបភាពទាំងនេះគឺជារូបភាពជុំគ្រួសារធម្មតា មិនមានអ្វីពិសេសនោះទេ ប៉ុន្តែក្រោយដឹងរឿងរ៉ាវពីក្រោយរូបភាពដ៏កក់ក្ដៅជុំគ្រួសារនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនរំជួលចិត្តរហូតទប់ទឹកភ្នែកមិនបានឡើយ។
តាមការបញ្ជាក់ពីប្ដីប្រពន្ធខាងលើបានរៀបរាប់ថា ពេលវេលាជុំគ្នានោះគឺជាពេលវេលាចុងក្រោយហើយដែលពួកគេទាំងពីបានបីត្រកងឱបកូនប្រុសជាលើកចុងក្រោយ។
តាមការរៀបរាប់របស់បុរសជាប្ដីបានឱ្យដឹងថា៖ «នៅពេលនោះ មានគេដុតកាំជ្រួចនៅខាងក្រៅ។ ប្រពន្ធខ្ញុំនិយាយថា យើងគួរតែនាំកូនទៅមើលកាំជ្រួចទៅ។ ខ្ញុំបីកូនខ្ញុំជាប់នឹងដៃ ហើយពេលយើងចេញទៅមើលកាំជ្រួចខាងក្រៅ ពួកយើងគិតថាតើកូនអាចនឹងទៅចោលយើងទេពេលដែលកាំជ្រួចបាញ់អស់។ វាពិតជាដូចការគិតមែន កូនពួកយើងបានចាកចោលយើងពេលដែលកាំជ្រួចនោះបាញ់អស់»។
បើតាមព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសខាងលើកើតមានជំងឺ ventricular septal defect ដោយសារតែការរលាកសួតនៅពេលគេអាយុបានត្រឹម ៣ ខែ និង ត្រូវឆ្លងកាត់ការវះកាត់ដើមទ្រូង។ យ៉ាងណាមិញ វះកាត់បាន ៣ ថ្ងៃ រូបគេក៏ស្រាប់តែគាំងបេះដូង បង្កទៅជាបញ្ហាដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ។ ទារកកម្សត់ត្រូវសម្រាកក្នុងបន្ទប់ ICU រយៈពេល ១ ខែ ប៉ុន្តែស្ថានភាពគេមិនបានប្រសើរឡើងនោះឡើយ។
ក្រោយធ្វើការប្រឹក្សាជាមួយអ្នកជំនាញ ខាងគ្រូពេទ្យក៏បានប្រាប់ដំណឹងអាក្រក់ដល់ឪពុកម្ដាយក្មេងថា ស្ថានភាពកូនរបស់ពួកគេគឺព្យាបាលលែងបានហើយ។ ក្រោយពិភាក្សាជាមួយឪពុកម្ដាយ និង ក្រុមគ្រួសារយ៉ាងល្អិតល្អន់ ពួកគេក៏សម្រេចចិត្តលែងបន្តការព្យាបាលតទៅទៀត។
រឿងរ៉ាវ និង រូបភាពដ៏រំជួលចិត្តរបស់គ្រួសារដ៏កម្សត់មួយនេះបានធ្វើឱ្យមហាជនជាច្រើនទប់ទឹកភ្នែកមិនជាប់ឡើយ ដោយពួកគេបានសម្ដែងការរំលែកទុក្ខ និង បួងសួងឱ្យវិញ្ញាណក្ខន្ធក្មេងប្រុសដ៏អភ័ព្វរូបនោះបានទៅកាន់ទីឋានដ៏ល្អ កើតជាតិណាៗសូមឱ្យមានសុខភាពល្អកុំឱ្យដូចជាតិនេះទៀត៕