ក្មេងប្រុសវ័យ ១៣ ឆ្នាំម្នាក់នៅប្រទេសឥណ្ឌូនេស៊ី បានរងរបួសធ្ងន់ប្រេះស្រាំឆ្អឹងច្រើនកន្លែង ក្រោយរូបគេជួបប្រទះគ្រោះថ្នាក់ពេលឡើងជិះឧបករណ៍មួយនៅសួនកម្សាន្តមួយកន្លែង។

ទិដ្ឋភាពស្ដែងៗពេលកើតហេតុត្រូវបានថតជាប់ដោយកាមេរ៉ារបស់អ្នកទៅលេងម្នាក់នៅសួនកម្សាន្ត Jatim Park នាក្រុង Batu ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ។ ក្មេងប្រុសរងគ្រោះបានទៅលេងសួនកម្សាន្តនោះជាមួយមិត្តភក្តិរបស់គេ ៣ នាក់ផ្សេងទៀត ហើយហេតុការណ៍គ្រោះថ្នាក់នោះដែរបានកើតមានឡើងនៅវេលាម៉ោងប្រមាណជា ៤ រសៀល (ពេលវេលាក្នុងតំបន់)។

ពេលនោះ រូបគេបានឡើងជិះឧបករណ៍កម្សាន្តមួយឈ្មោះថា Pendulum 360 ride ដោយឧបករណ៍ចាប់ផ្ដើមដំណើរការមិនបានប៉ុន្មានផង ស្រាប់តែក្មេងប្រុសរងគ្រោះបានរបូតចេញពីកៅអីអង្គុយប្រឹងតោងណែងណោងលើអាកាសទាំងដែលឧបករណ៍នៅគ្រវីចុះឡើងធម្មតា រហូតចុងក្រោយរូបគេបានធ្លាក់ចុះមកក្រោមក្នុងកម្ពស់ប្រមាណជា ១.៥ ទៅ ២ ម៉ែត្រ។ អ្នកឈរមើលហេតុការណ៍ជាច្រើននាំគ្នាស្រែកភ្លាត់សំឡេងដោយក្ដីរន្ធត់។

ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយដល់នោះគ្រូពេទ្យរកឃើញថាគេបានប្រេះស្រាំឆ្អឹងចំនួន ២ កន្លែងនៅដៃខាងស្ដាំ និង មួយកន្លែងទៀតនៅជើងខាងស្ដាំ ប៉ុន្តែមិនគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងរហូតប៉ះពាល់អាយុជីវិតនោះឡើយ។ គិតត្រឹមថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ តាមការបញ្ជាក់ពីប៉ូលិសក្រុង Batu បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនៅកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ខណៈសួនកម្សាន្តមួយនោះត្រូវបានប៉ូលិសផ្អាកដំណើរការជាបណ្ដោះអាសន្ន៕