ជាដំណឹងដ៏សោកសៅមួយសម្រាប់អ្នកនិយមអានសៀវភៅ ដោយ Baek Se-hee អ្នកនិពន្ធសៀវភៅដ៏ល្បីមួយចំណងជើងថា «I Want to Die But I Want to Eat Tteokbokki» បានទទួលមរណភាពហើយក្នុងវ័យ ៣៥ ឆ្នាំ។
បើតាមទីភ្នាក់ងារបរិច្ចាគសរីរាង្គប្រចាំប្រទេសកូរ៉េបានឱ្យដឹងថា អ្នកនិពន្ធ Baek បានជួយសង្គ្រោះជីវិតមនុស្សដល់ទៅ ៥ នាក់ តាមរយៈការបរិច្ចាគបេះដូង សួត ថ្លើម និង ក្រលៀនទាំងពីររបស់នាង។ ចិត្តដ៏សប្បុរសរបស់នាងមុនចាកចោលពីពិភពលោកនេះទៅ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងជាច្រើនរំជួលចិត្ត និង សោកស្ដាយបុគ្គលដ៏មានសមត្ថភាពរូបនេះជាខ្លាំង។
គួរឱ្យដឹងថា សៀវភៅ «I Want to Die But I Want to Eat Tteokbokki» បានបោះពុម្ពផ្សាយក្នុងឆ្នាំ ២០១៨ នៅប្រទេសកូរ៉េ និង ក្នុងឆ្នាំ ២០២២ នៅចក្រភពអង់គ្លេស ដោយ Bloomsbury។ សៀវភៅនោះដែរ គឺរៀបរាប់ពីកិច្ចសន្ទនារបស់ Baek ជាមួយនឹងគ្រូពេទ្យផ្លូវចិត្ត ជុំវិញជំងឺផ្លូវចិត្តរ៉ាំរ៉ៃរបស់នាង dysthymia។
អ្នកនិពន្ធ Baek Se-hee គឺទទួលការព្យាបាលជំងឺផ្លូវចិត្តរយៈពេល ១០ ឆ្នាំមកហើយ តែយ៉ាងណាមិញ ចំពោះមូលហេតុនៃការលាចាកលោករបស់នាង មិនមានការបញ្ជាក់នោះឡើយ៕