លោកស្រី Connie Francis ដែលជាម្ចាស់បទចម្រៀងដ៏ល្បី «Pretty Little Baby» ផ្ទុះខ្លាំងលើបណ្ដាញសង្គម TikTok បានទទួលមរណភាពទៅហើយក្នុងវ័យ ៨៧ ឆ្នាំ។
ដំណឹងមរណភាពរបស់តារាចម្រៀងជើងចាស់រូបនេះដែរ ត្រូវបានប្រកាសលើបណ្ដាញសង្គមហ្វេសប៊ុករបស់មិត្តសំឡាញ់គាត់ឈ្មោះ Ron Roberts កាលពីព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។ តាមសំណេររបស់លោក Ron Roberts បានសរសេររៀបរាប់ថា៖ «វាពិតជាក្ដុកក្ដួលខ្លាំងមែនទែនដែលខ្ញុំត្រូវប្រកាសថា មិត្តសំឡាញ់របស់ខ្ញុំ Connie Francis បានលាចាកលោកហើយកាលពីយប់មិញ។ ខ្ញុំដឹងថា Connie នឹងយល់ព្រមដែលចែករំលែកដំណឹងមួយនេះប្រាប់ទស្សនិកជនមុនគេ។ ពួកយើងនឹង update ព័ត៌មានលម្អិតតាមក្រោយ»។
គួរឱ្យដឹងថា ដំណឹងមរណភាពរបស់តារាចម្រៀងស្រី Connie Francis គឺត្រូវបានប្រកាសត្រឹម ២ សប្ដាហ៍ក្រោយសារព័ត៌មាននៅអាមេរិកចេញផ្សាយថា លោកស្រីបានចូលមន្ទីរពេទ្យដោយសារមានបញ្ហាឈឺចាប់ខ្លាំងក្នុងរាងកាយ។ មកដល់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី Connie Francis ក៏បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុនប្រាប់មហាជនអ្នកគាំទ្រថា លោកស្រីបានត្រឡប់ទៅមន្ទីរពេទ្យជាថ្មី និង ឆ្លងកាត់ការតេស្តពិនិត្យជាច្រើនដើម្បីរកមូលហេតុបង្កការឈឺចាប់នោះ ហើយនៅថ្ងៃទី ០៤ ខែកក្កដា លោកស្រីក៏បាន update ស្ថានភាពសុខភាពថា លោកស្រីប្រសើរជាងមុនហើយក្រោយបានសម្រាន្តស្កប់ស្កល់។
ទោះជាយ៉ាងណា មិននឹងស្មានថាមកដល់ថ្ងៃទី ១៧ ខែកក្កដា បែរជាទទួលដំណឹងដ៏សោកសៅមួយនេះទៅវិញ។ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនបាននាំគ្នាសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សិល្បករជើងចាស់រូបនេះព្រោងព្រាត៕