ជាដំណឹងដ៏សោកស្ដាយចំពោះវិស័យសិល្បៈនៅប្រទេសចិន ដោយតារាសម្ដែងជើងចាស់ Liu Dagang ល្បីជាតួអង្គ អារក្ខទឹក Sha Wujing ក្នុងរឿង «ដំណើរឆ្ពោះទៅលោកខាងលិច» (Journey to the West) បានទទួលមរណភាពក្នុងវ័យ ៧៨ ឆ្នាំ ដោយរោគាពាធ។

បើតាម National Business Daily ចេញផ្សាយកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ ខាងក្រុមគ្រួសារបានបញ្ជាក់ថា លោកតា Liu Dagang បានទទួលមរណភាពកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅក្រុងប៉េកាំង ប្រទេសចិន។ តាមបណ្ដាំរបស់លោកតា ពិធីបុណ្យសពរបស់លោកតាគឺឱ្យរៀបចំឡើងដោយសាមញ្ញ និង ឯកជន។

គួររំឭកថា លោកតា Liu Dagang បានកើតនៅក្រុងប៉េកាំង ប្រទេសចិន ក្នុងឆ្នាំ ១៩៤៧។ លោកតា បានប្រឡូកក្នុងការសម្ដែងឱ្យរឿងភាគទូរទស្សន៍ជាច្រើន ប៉ុន្តែតួអង្គដែលលោកតាផ្ទុះប្រជាប្រិយភាពខ្លាំងជាងគេនោះ គឺជាតួអង្គ អារក្ខទឹក Sha Wujing នេះឯង ដែលបានថតក្នុងឆ្នាំ ១៩៩៨៕


