តារាចម្រៀង និង សម្ដែងដ៏ល្បី Richie Ren ដែលត្រូវបានឱ្យដឹងថាមានទ្រព្យសម្បត្តិសរុបជិត ៧០ លានដុល្លារ ថ្មីៗនេះមានដំណឹងលេចឮថាលោកបានចាយប្រាក់មួយភាគធំក្នុងការវិនិយោគលើអចលនទ្រព្យ។
តាមព័ត៌មាននៅតៃវ៉ាន់បានឱ្យដឹងថា តារាប្រុសវ័យ ៥៨ ឆ្នាំខាងលើបានចំណាយប្រាក់ ៤០ លានដុល្លារសិង្ហបុរី (ប្រមាណជាង ៣០ លានដុល្លារអាមេរិក) ទិញផ្ទះដាច់មួយផ្លូវនៅក្រុង Qingdao ប្រទេសចិន។ លោកចូលចិត្តទីតាំងដូចក្រុង Qingdao ក៏ព្រោះតែវាជាតំបន់ឆ្នេរមានទេសភាពស្អាត និង សំណង់អគារប្លែកទាក់ទាញ។ Qingdao មិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ តែវាក៏ជាផែអន្តរជាតិដែលល្អបំផុតសម្រាប់អ្នកវិនិយោគ។
គួររំឭកថា កាលពីឆ្នាំ ១៩៩៦ លោក Richie បានទិញផ្ទះមួយចំនួននៅសង្កាត់ Ho Man Tin ក្រុងហុងកុង។ តាមរយៈការលក់ចេញវិញនៃអចលនទ្រព្យទាំងនោះ លោកអាចរកចំណូលបានដល់ទៅ ៣.៦ លានដុល្លារសិង្ហបុរី (ប្រមាណ ២ ៧៨៧ ៧០៤ ដុល្លារអាមេរិក)។ លើសពីនេះ លោកក៏បានលក់ការិយាល័យចំនួន ៣ ដែលស្ថិតនៅអគារ Southmark ក្រុងហុងកុងផងដែរ ដោយបានចំណូលជាង ៦ លានដុល្លារ។
ដំណើរវិនិយោគលើផ្ទះសម្បែងរបស់លោកបានលាតសន្ធឹងដល់ក្រុងសៀងហៃ និង Changsha ថែមទៀត ដោយភាពឆ្លាតវៃរបស់លោកនេះហើយបានធ្វើឱ្យលោកក្លាយជាសេដ្ឋីផ្នែកអចលនទ្រព្យម្នាក់៕
ប្រភព៖ 8days