ថ្មីៗនេះ Influencer ជនជាតិចិនម្នាក់ឈ្មោះ Abby Han បានធ្វើការឡាយវីដេអូចែករំលែកពីវិប្បដិសារីខ្លួនឯងជុំវិញការចង់ស្អាតទៅវះកាត់កែសម្ផស្សហួសប្រមាណទាំងខ្លួនឯងមានវ័យត្រឹម ២៦ ឆ្នាំ។

តាមការទម្លាយនាងបានឱ្យដឹងថា រូបនាងគឺស្រឡាញ់ចង់បានច្រមុះស្រួចស្អាតក៏ទៅធ្វើការវះកាត់ស្លាបច្រមុះឱ្យតូចឱ្យឃើញច្រមុះតូចស្រស់ស្អាតជាងមុន។ យ៉ាងណាមិញ ការវះកាត់នោះបានធ្វើឱ្យរន្ធច្រមុះរបស់នាងប្រែទៅជាតូចខ្លាំងរហូតធ្វើឱ្យនាងជួបប្រទះការលំបាកក្នុងការដកដង្ហើម ហើយពេលខ្លះនាងត្រូវយកដៃទាញពង្រីករន្ធច្រមុះខ្លួនឯងទើបអាចដកដង្ហើមបានស្រួលទៀតផង។

ជាមួយគ្នានោះដែរ បើគិតបកត្រឡប់វិញ Abby Han ក៏ទទួលស្គាល់ដែរថាការកែសម្ផស្សរបស់នាងគឺមើលទៅមិនធម្មជាតិសោះ បើទោះជាយូរទៅវារៀងផ្លាស់ប្ដូរខ្លះដែរក៏ដោយ។ Abby បានរៀបរាប់ថា៖ «ខ្ញុំគិតថាខ្ញុំបានឆ្លងកាត់ការកែសម្ផស្សច្រើនលើកច្រើនសាដូច Michael Jackson ដែរហើយ។ ប្រសិនបើរំពឹងថាឱ្យវាមើលមកដូចធម្មជាតិ និយាយត្រង់ទៅគឺវាអត់ដូចសោះតែម្ដង»។

មកទល់ពេលនេះ Abby គឺលែងចង់ឆ្លងកាត់មុខកាំបិតតទៅទៀតហើយ ដោយនាងបានគិតត្រឡប់ពីជម្រើសខ្លួនឯងកាលនោះដោយទទួលស្គាល់ថាភាពរឹងរូសរបស់ខ្លួនឯងបានធ្វើឱ្យមុខមាត់របស់នាងខូចខាតបែបនេះ៕
ប្រភព៖ 8days