គិតមកទល់ពេលនេះ រយៈពេលជិត ២៥ ឆ្នាំហើយ ដែលរឿងភាគតៃវ៉ាន់ដ៏ល្បី «Meteor Garden» ឬហៅទូទៅថា «F4» (២០០១-២០០២) បានចាក់បញ្ចាំង តែរឿងមួយនេះនៅតែចាត់ទុកជារឿងដ៏ល្បីល្បាញបំផុតដែលមហាជនជំនាន់ឆ្នាំ ២០០០ ជាច្រើនចងចាំមិនភ្លេចនោះឡើយ ជាពិសេសគឺតួអង្គតែម្ដង ដោយមួយរឿងនេះបានធ្វើឱ្យតារាស្រី Barbie Hsu តារាប្រុស Jerry Yan, Vic Chou, Vanness Wu, Ken Chu បានផ្ទុះប្រជាប្រិយភាពខ្លាំងរហូតមានគេស្គាល់មកដល់សព្វថ្ងៃ។
យ៉ាងណាមិញ ក្រោយពេលជិត ២៥ ឆ្នាំបើទោះជារឿងភាគមួយនេះនៅរក្សាតំណែងជារឿងល្អមើលជក់ចិត្តខ្លាំងក៏ពិតមែន ប៉ុន្តែចំពោះខ្សែជីវិតរបស់តួអង្គសម្តែងមួយចំនួនក្នុងរឿងនេះវិញ គឺបានផ្លាស់ប្ដូរច្រើនណាស់រហូតតួអង្គមួយចំនួនជួបរឿងអកុសលខ្លាំងដល់លាចាកលោកចោលអ្នកគាំទ្រទៀតផង។ ជាក់ស្ដែង តាមសារព័ត៌មាន HK01 រហូតមកទល់ពេលនេះ តួអង្គដែលបានសម្តែងក្នុងរឿង «F4» តៃវ៉ាន់ចំនួន ៥ នាក់ បានចាកចេញចោលអ្នកគាំទ្ររៀងរហូត ទាំងម្នាក់ៗមានវ័យមិនទាន់ចូល ៥០ ឆ្នាំផងនោះ។
១. តារាសម្ដែងស្រី Barbie Hsu
កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ មហាជនជាច្រើនប្រចាំប្រទេសនៅអាស៊ីមានការតក់ស្លុតចិត្តជាខ្លាំងដោយទទួលបានដំណឹងថា Barbie Hsu សម្ដែងជាតួឯកស្រី សាន់ ឆាយ បានទទួលមរណភាពទៅហើយក្នុងវ័យ ៤៨ ឆ្នាំ ដោយសារតែមេរោគផ្ដាសាយឆ្លងដល់ការរលាកសួតធ្ងន់ធ្ងរ អំឡុងពេលធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុនជាមួយក្រុមគ្រួសារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន។ សាកសពរបស់ Barbie ត្រូវបានបូជានៅក្នុងប្រទេសជប៉ុន និង ក្រុមគ្រួសារបាននាំយកធាតុរបស់នាងត្រឡប់មកកាន់ស្រុកកំណើតឯតៃវ៉ាន់វិញផងដែរ។
២. តារាសម្ដែងស្រី Beatrice Hsu
ក្នុងរឿង «F4» តារាសម្ដែងស្រី Beatrice Hsu បានដើរជាតួអង្គភ្ញៀវដែលបង្ហាញខ្លួនត្រឹមមួយភាគនៃសាច់រឿងប៉ុណ្ណោះ ប៉ុន្តែជាមួយរូបសម្រស់ដ៏ទាក់ទាញរបស់នាងគឺបានឆក់យកបេះដូងមហាជនជាច្រើននៅពេលនោះ។ យ៉ាងណាមិញ សង្ខារមិនទៀងទាត់ដោយកាលពីចុងខែមករា ឆ្នាំ ២០០៧ កន្លងទៅ Beatrice Hsu បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលចេញពីថតខ្សែភាពយន្តជិះឡានត្រឡប់មកផ្ទះវិញ។
ក្រោយជួបគ្រោះថ្នាក់ Beatrice Hsu រងរបួសធ្ងន់ធ្ងរខ្លាំងដោយការហូរឈាមក្នុងខួរក្បាល ហូរឈាមក្នុងត្រចៀក និង ក្នុងទ្រូងផងដែរ។ ពេលនោះ ក្រុមគ្រូពេទ្យបានបញ្ជាក់ដែរថាប្រសិនបើនាងសំណាងអាចរួចផុតជីវិត តែនាងក៏នៅតែត្រូវរស់នៅជីវិតមួយដូចមនុស្សរុក្ខជាតិដដែល។ ជាអកុសល ក្រោយការជួយសង្គ្រោះយ៉ាងអស់ពីសមត្ថភាពពីក្រុមគ្រូពេទ្យរយៈពេល ៤៨ ម៉ោង Beatrice Hsu នៅតែមិនអាចសង្គ្រោះបាន ដោយនាងត្រូវបានប្រកាសថាស្លាប់នៅវេលាម៉ោង ៧ និង ៣៧ នាទីយប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០០៧ ក្នុងវ័យត្រឹម ២៩ ឆ្នាំប៉ុណ្ណោះ។
៣. តារាសម្ដែងស្រី Mary Hsu
តារាសម្ដែងស្រី Mary Hsu ដែលដើរតួជាបងស្រីរបស់តួអង្គ តាវ មីងស៊ឺ បានទទួលមរណភាពកាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១១ ក្នុងវ័យ ៤១ ឆ្នាំ ដោយសារគ្រឿងក្នុងលែងដំណើរការក្រោយតស៊ូព្យាបាលជំងឺមហារីកក្រពះដំណាក់កាលទី ៣។ Mary Hsu បានរកឃើញថាខ្លួនកើតមានមហារីកដំបូងក្នុងឆ្នាំ ២០០៨ និង បានធ្វើការវះកាត់ ថែមទាំងចាក់គីមី បាញ់កាំរស្មីព្យាបាលអស់ជាច្រើនលើកច្រើនសា ប៉ុន្តែមហារីករបស់នាងនៅតែរាលដាលរហូតឆក់យកអាយុជីវិតនាងទៅដដែល។
៤. តារាសម្ដែងប្រុស Shone An
លោក Shone An ជាតារាសម្ដែង និង ជាសមាជិកក្រុមចម្រៀង Comic Boys។ លោកធ្លាប់បានចូលរួមសម្ដែងក្នុងរឿង «F4» ដែលដើរជាតួអង្គមិត្តភក្តិរបស់តួប្រុស តាវ មីងស៊ឺ។ Shone An បានទទួលមរណភាពកាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៥ ក្នុងវ័យ ៣២ ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។
៥. តារាសម្ដែប្រុស Tony Fish
លោក Tony Fish ជាតារាកំប្លែងល្បីឈ្មោះម្នាក់នៅតៃវ៉ាន់ ហើយលោកក៏មានវត្តមានចូលរួមសម្ដែងក្នុងរឿង «F4» ជាតួអង្គរាយរងផងដែរ។ ក្នុងឆ្នាំ ២០១២ លោក Tony បានលាចាកលោកទៅក្នុងវ័យ ៣៧ ឆ្នាំ ដោយសារគ្រឿងក្នុងមួយចំនួនលែងដំណើរការដោយជំងឺរលាកសួតស្រួចស្រាល៕