គិតមកទល់ពេលនេះ រយៈពេល ១ ខែហើយ ដោយតារាសម្ដែងប្រុសចិន Yu Menglong បានបាត់បង់ជីវិតទៅ ដែលខាងអាជ្ញាធរកំណត់ថាជាគ្រោះថ្នាក់ធ្លាក់ពីលើអគារដោយខ្លួនឯង។ យ៉ាងណាមិញ ភាពមិនអស់ចិត្ត និង ការសង្ស័យជុំវិញករណីស្លាប់របស់តារាប្រុសរូបនេះ គឺនៅតែបន្តក្ដៅគគុកពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិននៅឡើយ។
ជាក់ស្ដែង ថ្មីៗនេះទៀត មានព័ត៌មានចចាមអារ៉ាមផ្ទុះផ្អើលបណ្ដាញសង្គមចិន ដោយមានអ្នកចេញមកអះអាងថា ម្ដាយបង្កើតរបស់តារាសម្ដែងប្រុស Yu Menglong ឥលូវនេះក៏បានទទួលមរណភាពដូចគ្នា។ បើតាម Youtuber ចិនម្នាក់ឈ្មោះ Lao Deng បានបញ្ជាក់ថា ម្ដាយរបស់ Menglong បានបញ្ចប់ជីវិតខ្លួនឯង។
Youtuber ខាងលើបានអះអាងថា ម្ដាយរបស់ Menglong ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ក្រោយប៉ុនប៉ងធ្វើអត្តឃាត ហើយជាអកុសលគ្រូពេទ្យមិនអាចសង្គ្រោះជីវិតគាត់បាន។ លោក Lao Deng បានបន្ថែមទៀតថា លោកទទួលបានព័ត៌មានមួយនេះពីប្រភពជាច្រើន។
ដំណឹងចចាមអារ៉ាមមិនទាន់មានការបញ្ជាក់ជាផ្លូវការនេះដែរ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមក្នុងប្រទេសចិន បង្កជាការភ្ញាក់ផ្អើលបារម្ភ និង ផ្ទុះការវែកញែកព្រោងព្រាត។
គួររំឭកថា ម្ដាយរបស់តារាសម្ដែងប្រុស Yu Menglong គឺបានរក្សាភាពស្ងប់ស្ងាត់ខ្លាំងចាកឆ្ងាយពីភ្នែកសាធារណជន ដោយរូបគាត់បាននិយាយពាក់ព័ន្ធនឹងការស្លាប់របស់កូន ត្រឹមតែបញ្ចេញលិខិតផ្លូវការមួយសម្ដែងអារម្មណ៍រន្ធត់ឈឺចាប់ និង បញ្ចាក់មូលហេតុស្លាប់របស់កូនប្រុសប៉ុណ្ណោះ។
យ៉ាងណាមិញ មកដល់ចុងខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ក៏មានលេចចេញសំបុត្រមួយច្បាប់ដែលថាជាសំបុត្រសរសេរដោយម្ដាយរបស់ Menglong ថាគាត់ជឿជាក់ថាកូនប្រុសត្រូវគេសម្លាប់ពិតមែន ដោយបង្កការភ្ញាក់ផ្អើលខ្លាំងលើបណ្ដាញសង្គមចិន។ ទោះជាយ៉ាងណា មកទល់ពេលនេះ គឺមិនមានការបញ្ជាក់ថាសំបុត្រមួយច្បាប់នោះគឺជារបស់ម្ដាយ Menglong ពិតប្រាកដមែន ឬក៏យ៉ាងណានោះទេ៕
ប្រភព៖ 8days