នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ផេកផ្លូវការរបស់ស្ថាប័ន Miss Universe បានចេញសេចក្តីថ្លែងការណ៍ផ្លូវការទាំងព្រឹក ដើម្បីដោះស្រាយ និង បញ្ជាក់ពីការបង្ហោះលើបណ្តាញសង្គមថ្មីៗរបស់ផេកផ្លូវការ Miss Universe Thailand ដែលផ្សព្វផ្សាយកម្មវិធី vote ដើម្បីបានញុំាអាហារពេលល្ងាច និង ជជែកកម្សាន្តជាមួយតា Nawat។

ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រុមការងាររៀបចំ MU សូមរំឭដល់សាធារណជនថា ព្រឹត្តិការណ៍ សកម្មភាព ឬ គំនិតផ្តួចផ្តើមតាមបណ្តាញសង្គមណាមួយ ដែលមិនត្រូវបានប្រកាសតាមផេកផ្លូវការរបស់ស្ថាប័ន Miss Universe គឺគ្មានការអនុញ្ញាតទេ ពោលគឺកម្មវិធី និង ព័ត៌មានពិតប្រាកដធ្វើការបង្ហោះឡើងលើផេកផ្លូវការ Miss Universe តែមួយគត់ និង សូមឱ្យបណ្តាផេកនានាលុបចេញជាបន្ទាន់។

ក្រោយការបង្ហោះផ្លូវការពីខាងស្ថាប័ន MU មិនបានប៉ុន្មាន ខាង Miss Universe Thailand ក៏បានចេញលិខិតផ្លូវការឆ្លើយតបទៅខាងស្ថាប័ន MU វិញ ដោយបកស្រាយអះអាងថា យុទ្ធនាការចុច «Like» លើបណ្ដាញសង្គមដើម្បីបានញ៉ាំអាហារពេលល្ងាច និង ជជែកកម្សាន្តជាមួយតា Nawat នេះ គឺជាផ្នែកមួយនៃកញ្ចប់ទីផ្សារផ្លូវការដែលរៀបចំឡើងឱ្យប្រទេសជាម្ចាស់ផ្ទះ។

ដូច្នេះមានន័យថា ពួកគេគឺមានសិទ្ធិក្នុងការគ្រប់គ្រង រៀបចំសកម្មភាពផ្សព្វផ្សាយនានាបានក្នុងដែនដីប្រទេសរបស់ខ្លួន។ បន្ថែមពីនេះ ខាង MUT ក៏បានរៀបរាប់ទៀតថា សេចក្ដីប្រកាសរបស់ MUO នាពេលថ្មីៗនេះ គឺបានធ្វើឱ្យសាធារណជនមានការយល់ច្រឡំមកលើពួកគេ ទាំងដែលការពិត សកម្មភាពរបស់ពួកគេធ្វើតាមសិទ្ធិដែលផ្ដល់ឱ្យក្នុងនាមជាម្ចាស់ផ្ទះ៕
