កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ មានអ្នកលេងបណ្ដាញសង្គមក្នុងប្រទេសចិនម្នាក់បានបង្ហោះវីដេអូរយៈពេល ១៧ នាទី ថតពីសកម្មភាពរបស់គ្រួសារមួយនៅតុបាយញ៉ាំអាហារ ដោយវីដេអូនេះដែរទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាមហាជននៅតាមបណ្ដាញសង្គម។
ក្នុងវីដេអូ គេបានឃើញបុរសជាប្ដីសួរប្រពន្ធដដែលៗថា៖ «ឯណាពងទារបស់ខ្ញុំ?» ហើយនៅរអ៊ូរទាំថា៖ «ខ្ញុំញ៉ាំវាអត់បានមែន? កូនៗសុទ្ធតែបានញ៉ាំគ្រប់គ្នា»។ ភ្លាមៗ ស្ត្រីជាប្រពន្ធក៏បានតបវិញថា៖ «កូនៗគេនាំគ្នាញ៉ាំអស់ម្នាក់មួយហើយ ចាំខ្ញុំទៅធ្វើឱ្យបងមួយទៀត»។ យ៉ាងណាមិញ បុរសជាប្ដីបែរជាងរហើយបដិសេធថា៖ «មិនបាច់ទេ លែងចង់ញ៉ាំអីទៀតហើយ» ដោយការហួសចិត្ត ប្រពន្ធក៏និយាយឡើងថា៖ «បងឯងតែងតែធ្វើចរិតដូចកូនក្មេង ខ្លួនឯងក្បាលកញ្ចាស់ហើយណា» ហើយប្ដីក៏នៅតែរអ៊ូតបចុះឡើងមិនដាច់ឡើយ។
ដោយសារតែប្ដីនៅតែរអ៊ូឥតឈប់ថាប្រពន្ធធ្វើពងទាឱ្យតែកូនៗក្នុងផ្ទះ មិនធ្វើឱ្យខ្លួនឯង នាងក៏កើតជាកំហឹងអត់ទ្រាំលែងបានរហូតបោះចានបាយ និង ចង្កឹះចោល រួចស្រែកថា៖ «ពីណាក៏មិនបាច់ញ៉ាំដែរ» រួចក៏ដើរចេញពីផ្ទះបាយទៅ។ រឿងរ៉ាវមិនចប់ត្រឹមនេះទេ ក្រោយឈ្លោះទាស់ទែងគ្នានៅតុបាយហើយនោះ ស្ត្រីជាប្រពន្ធក៏បានទៅឡាយវីដេអូលើបណ្ដាញសង្គមរៀបរាប់ពីរឿងប្ដីធ្វើបាប និង សម្រេចចិត្តដល់លែងលះគ្នា។
នាងបានរៀបរាប់ថា៖ «គាត់ច្រានខ្ញុំទៅក្នុង ហើយព្យាយាមយកប្រដាប់ព្យូរខោអាវមកវាយខ្ញុំ។ ខ្ញុំវាយតប គាត់ក៏វាយជើងខ្ញុំរហូតជាំ»។ គួរឱ្យដឹងថា បើតាមការរៀបរាប់របស់ស្ត្រីខាងលើ ក្មេងៗប្រុស ២ នាក់ដែលញ៉ាំពងក្នុងវីដេអូគឺជាចៅរបស់នាង ពួកគេមកលេងផ្ទះនាងអំឡុងពេលវិស្សមកាលរដូវក្ដៅ ដោយនាងបានរៀបចំបាយ និង ពងឱ្យពួកគេញ៉ាំ ហើយក៏ជួបរឿងប្រតិកម្មពីប្ដីបែបនេះតែម្ដង។
នាងបាននិយាយថា ក្រោយឈ្លោះគ្នា នាងបានចេញទៅស្នាក់នៅផ្ទះជាមួយម្ដាយនៅ Foshan ខេត្ត Guangdong ហើយក៏រៀបចំឯកសារដើម្បីលែងលះគ្នាផងដែរ តែយ៉ាងណា នាងក៏បញ្ជាក់ដែរថា នាងត្រូវទៅធ្វើការរកលុយសិនមុនដាក់ពាក្យលែងលះគ្នា៕