នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ មហាជនជាច្រើនមានក្ដីតក់ស្លុតជាខ្លាំងក្រោយទទួលដំណឹងថា តារាសម្ដែងស្រី Barbie Hsu ដែលមហាជនខ្មែរជាច្រើនស្គាល់ច្បាស់ថាជាតួអង្គនាង «សាន់ ឆាយ» ក្នុងរឿង F4 តៃវ៉ាន់ បានទទួលមរណភាពទៅហើយនៅក្នុងប្រទេសជប៉ុនក្នុងវ័យ ៤៨ ឆ្នាំ ដោយសារតែឆ្លងរោគផ្ដាសាយ និង រលាកសួត។
ដំណឹងមរណភាពភ្លាមៗរបស់តារាស្រីដ៏ល្បីឈ្មោះរូបនេះដែរ ត្រូវបានប្រកាសដោយប្អូនស្រីរបស់នាងផ្ទាល់ Dee Hsu ដោយបានរៀបរាប់ថា៖ «អរគុណអ្នករាល់គ្នាចំពោះក្ដីបារម្ភ។ អំឡុងពេលចូលឆ្នាំថ្មីនេះ ក្រុមគ្រួសារយើងបានទៅដើរលេងកម្សាន្តនៅប្រទេសជប៉ុន។ បងស្រីដ៏ល្អរបស់ខ្ញុំ ដោយសារតែឆ្លងរោគផ្ដាសាយ និង រលាកសួត គាត់ក៏បានចាកចេញពីយើងទៅ។ ខ្ញុំពិតជាដឹងគុណមែនទែនដែលមានបងជាបងស្រីក្នុងជាតិនេះ មើលថែប្អូន និង ជាដៃគូដ៏ល្អរបស់ប្អូន។ ខ្ញុំនឹងនៅតែដឹងគុណបងស្រី និង នៅតែចងចាំបងស្រីជារៀងរហូត»។
ជាមួយគ្នានោះដែរ ជុំវិញការរៀបចំបុណ្យសពរបស់តារាសម្ដែងស្រីខាងលើ បើតាមរបាយការណ៍ព័ត៌មានមួយចំនួនបានបញ្ជាក់ថា សាកសពរបស់នាងនឹងត្រូវរៀបចំបូជាក្នុងប្រទេសជប៉ុនតែម្ដងខណៈក្រុមគ្រួសាររបស់នាងទាំងអស់នៅទីនោះស្រាប់ ហើយធាតុរបស់នាងនឹងត្រូវដឹកត្រឡប់ទៅតៃវ៉ាន់ដែលជាស្រុកកំណើតវិញដើម្បីធ្វើការបញ្ចុះ។ ចំពោះដំណើរការលម្អិតនៃការរៀបចំពិធីបុណ្យសព ខាងក្រុមគ្រួសាររបស់នាងក៏កំពុងតែពិភាក្សាគ្នាផងដែរ៕
ប្រភព៖ dimsumdaily