យន្តហោះយោធាមួយគ្រឿងនៅប្រទេសបង់ក្លាដេស បានធ្លាក់អំឡុងពេលធ្វើសមយុទ្ធ ចំបរិវេណសាលារៀនមួយកន្លែងក្នុងក្រុង Dhaka កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦ នាក់បាត់បង់ជីវិត និង ១០០ នាក់ផ្សេងទៀតរងរបួស។
តាមការចេញផ្សាយដោយសារព័ត៌មាន AP បានឱ្យដឹងថា យន្តហោះយោធាខាងលើបានធ្លាក់ផ្ទុះនៅបរិវេណសាលា Milestone នាតំបន់ Uttara ក្រុង Dhaka ប្រទេសបង់ក្លាដេស ស្របពេលសិស្សជាច្រើនកំពុងតែរៀន និង អង្គុយប្រឡង។
ភ្លាមៗក្រោយទទួលដំណឹង ឪពុកម្ដាយក៏ដូចជាសាច់ញាតិជនរងគ្រោះបានទៅដល់កន្លែងកើតហេតុ ខណៈក្រុមសង្គ្រោះម្នីម្នាប្រើប្រាស់វិធីសាស្ត្រគ្រប់យ៉ាងតាមដែលធ្វើបាន រួមទាំងប្រើរ៉ឺម៉កកង់បីផងដើម្បីដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា។
តាមការបញ្ជាក់ពីសិស្សម្នាក់ដែលមិនបានទៅសាលាក្នុងថ្ងៃកើតហេតុបានឱ្យដឹងថា សាលា Milestone មានសិស្សប្រមាណ ២ ពាន់នាក់រាប់គិតពីថ្នាក់បឋមដល់ថ្នាក់ទី ១២។
ជាមួយគ្នានោះ នៅលើហ្វេសប៊ុកផេករបស់សាលា Milestone ក៏បានទទូចសុំសាធារណជនក្នុងប្រទេសឱ្យជួយផ្ដល់ឈាមតាមមន្ទីរពេទ្យដែលនៅក្បែរខ្លួនបំផុត ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ ហើយក៏ណែនាំឱ្យគ្រប់គ្នានៅឱ្យឆ្ងាយពីកន្លែងកើតហេតុខណៈក្រុមសង្គ្រោះកំពុងស្វះស្វែងជួយជនរងគ្រោះបន្ថែម។
ក្នុងសេចក្ដីថ្លែងការណ៍ពីខាងការិយាល័យទំនាក់ទំនងសាធារណៈយោធានៅបង់ក្លាដេសបានបញ្ជាក់ថា យន្តហោះ F-7 BGI ដែលធ្លាក់គឺពិតជារបស់ខាងយោធាមែន ដោយយន្តហោះបានធ្លាក់ភ្លាមៗក្រោយហោះចេញនៅម៉ោង ១ និង ០៦ នាទីរសៀល (ពេលវេលាក្នុងតំបន់)៕