ថ្មីៗនេះ មានករណីផ្ទុះរោងចក្រគីមីដ៏ខ្លាំងក្លាមួយនៅក្រុង Gaomi ខេត្ត Shandong ប្រទេសចិន ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់បាត់បង់ជីវិត ១៩ នាក់បានរងរបួស និង ៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។
ហេតុការណ៍ដ៏រន្ធត់មួយនេះដែរបានកើតមានឡើងនៅវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នៅរោងចក្រ Youdao Chemical Co.,Ltd ដោយកងកម្លាំងសង្គ្រោះជាច្រើនត្រូវបានបញ្ជូនចុះទៅដល់ទីតាំងកើតហេតុភ្លាមៗដើម្បីសង្គ្រោះអ្នកដែលរងគ្រោះ។
តាមទិដ្ឋភាពនៅទីតាំងកើតហេតុ បានបង្ហាញឱ្យឃើញថាការផ្ទុះមានសភាពខ្លាំងក្លាមែនទែនរហូតរលកកម្លាំងនៃការផ្ទុះនោះបានបណ្ដាលឱ្យហាង និង ផ្ទះពលរដ្ឋដទៃនៅក្បែរនោះរងការប៉ះពាល់បែកកញ្ចក់ខ្ចាត់ខ្ចាយពាសពេញដី។ បណ្ដុំផ្សែងខ្មៅខ្មួលខ្មាញ់ត្រូវបានឃើញជះឡើងរាប់រយម៉ែត្រទៅលើអាកាស ខណៈក៏មានលេចធ្លាយឧស្ម័នពីប្រព័ន្ធបំពង់បង្ហូរផងដែរ។
គួរឱ្យដឹងថា ការផ្ទុះរោងចក្រគីមីខាងលើនេះដែរបានបណ្ដាលឱ្យអគារជាច្រើនរងការខូចខាតធ្ងន់ធ្ងរ និង សាលារៀននៅជុំវិញបរិវេណទីតាំងផ្ទុះនោះក៏ត្រូវធ្វើធ្វើការជម្លៀសសិស្សចេញទៅកន្លែងមានសុវត្ថិភាពភ្លាមៗផងដែរ។ បច្ចុប្បន្ន ខាងក្រុមសង្គ្រោះចំនួន ២៣២ នាក់ និង រថយន្តសង្គ្រោះ ៥៥ គ្រឿងត្រូវបានបញ្ជូនទៅទីតាំងកើតហេតុ ដោយពួកគេកំពុងប្រតិបត្តិការយ៉ាងស្វិតស្វាញបំផុត៕
ប្រភព៖ Kenh14