កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ៨ និង ២៣ នាទីព្រឹក (ពេលវេលាក្នុងតំបន់) មានហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចដ៏ខ្លាំងក្លាមួយនាខេត្ត Hunan ប្រទេសចិន ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៩ នាក់បាត់បង់ជីវិត និង ២៦ នាក់ផ្សេងទៀតបានរងរបួស។
តាមរយៈវីដេអូស្ដែងៗដែលថតបាន និង ចែកចាយតាមបណ្ដាញសង្គមក្នុងប្រទេសចិន បានបង្ហាញឱ្យឃើញផ្សែងខ្មៅខ្មួលខ្មាញ់ប្រមូលផ្ដុំដូចផ្សិតជះសាយភាយឡើងលើអាកាស អមដោយសំឡេងផ្ទុះផូងផាំងបែកផ្កាភ្លើងគួរឱ្យរន្ធត់បំផុត។
បើតាមរបាយការណ៍ពីខាងនាយកដ្ឋានបញ្ជាការសង្គ្រោះនៅទីតាំងកើតហេតុបានឱ្យដឹងថា គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ (ពេលវេលាក្នុងតំបន់) អ្នកស្លាប់ក្នុងហេតុការណ៍ខាងលើបើមាន ៩ នាក់ និង អ្នករបួស ២៦ នាក់។ ភាគច្រើននៃជនរងគ្រោះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ខណៈមួយចំនួនក៏ត្រូវបានកំណត់រកសាច់ញាតិឃើញហើយដែរ៕