កាលពីព្រឹកព្រលឹមថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ (ពេលវេលាក្នុងតំបន់) មានហេតុការណ៍បាក់រលំដំបូលក្លឹបរាត្រីមួយកន្លែងនៅក្រុង Santo Domingo ភាគខាងត្បូងសាធារណរដ្ឋដូមីនីក បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៩ នាក់បានបាត់បង់ជីវិត ខណៈ ១៦០ នាក់ផ្សេងទៀតបានរងរបួស។
Photo: AP
បច្ចុប្បន្ន ចំពោះមូលហេតុបណ្ដាលឱ្យមានការបាក់រលំដំបូលនេះដែរនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ។ តាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍ឱ្យដឹងដែរថា អំឡុងពេលកើតហេតុមានមនុស្សប្រមាណជា ៥០០ ទៅ ១ ពាន់នាក់នៅក្នុងក្លឹបនោះដែលបានចូលរួមកម្មវិធីប្រគុំតន្ត្រីរបស់តារាចម្រៀង Ruby Perez។
Photo: AP
អាជ្ញាធរសាធារណរដ្ឋដូមីនីក បានបញ្ជូនក្រុមសង្គ្រោះចំនួន ៤០០ នាក់ រួមទាំងរថយន្តសង្គ្រោះមួយចំនួនទៀតទៅកាន់កន្លែងកើតហេតុ។ ក្រុមសង្គ្រោះបានព្យាយាមរុករកជនរងគ្រោះដែលជាប់ក្រោមគំនរអគារដែលគេរំពឹងថានៅមានមនុស្សច្រើននាក់ទៀតអាចនៅមានជីវិត ហើយពួកគេនឹងមិនបញ្ឈប់ការរុករកឡើយ លុះត្រាតែរកជនរងគ្រោះចុងក្រោយគេបង្អស់ឃើញ៕
Photo: AFP
Photo: Dominican Republic National Police