ករណីដ៏រន្ធត់ថ្មីមួយកំពុងផ្ទុះការភ្ញាក់ផ្អើលនៅក្នុងប្រទេសហ្វីលីពីន ដោយបវរកញ្ញាស្រស់ស្អាតប្រចាំប្រទេសម្នាក់ត្រូវបានប្រទះឃើញស្លាប់ក្នុងសភាពគួរឱ្យអាសូរបំផុត ក្រោយត្រូវជនមិនស្គាល់មុខចាប់ខ្លួនចេញពីហាងលក់គ្រឿងទេសមួយកន្លែង។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Acquene Arradaza អាយុ ៣៥ ឆ្នាំ ជាម្ចាស់មកុដកម្មវិធីបវរកញ្ញា Miss Matag-ob នៅហ្វីលីពីន ដោយកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ រូបនាងត្រូវបានបុរស ៣ នាក់ចាប់ខ្លួនទៅ ខណៈកំពុងដើរទិញទំនិញក្នុងហាងមួយនាក្រុង Ormoc។ តាមការស្រាវជ្រាវបឋម នាង Arradaza ត្រូវបានគេសម្លាប់ដោយដៃជើងត្រូវចងជាប់នឹងដុំថ្មទម្លាក់ពន្លិចចូលក្នុងទឹក។

ដំណឹងបាត់ខ្លួនរបស់នាងគឺទើបត្រូវបានសាច់ញាតិដាក់ពាក្យប្ដឹងកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅប៉ុណ្ណោះ គឺចំថ្ងៃតែមួយដែលក្រុមអ្នកនេសាទប្រទះឃើញសពរបស់នាងអណ្ដែតឡើងលើនៅ Barangay 99 Diit ក្រុង Tacloban។ តាមការរៀបរាប់ សពរបស់នារីរងគ្រោះស្ថិតក្នុងសភាពននលគក ខ្សែចងរឹតខ្លួន និង ដៃជើង ក្រណាត់រុំជិតមុខ និង មានសោចាក់កង់ចាក់ជាប់នឹងករបស់នាង។ ប៉ូលិសបានបន្ថែមទៀតថា រាងកាយរបស់ជនរងគ្រោះក៏ត្រូវបានគេចងជាប់នឹងថ្ម ២ ថង់ បំណងពន្លិចនាងចុះទៅបាតសមុទ្រ។

គួរឱ្យដឹងថា បើតាមកាមេរ៉ាសុវត្ថិភាពនៅហាងលក់ទំនិញបានចាប់ជាប់សកម្មភាពចុងក្រោយរបស់នាង Arradaza ត្រូវបានបុរស ៣ នាក់ចេញមកចាប់នាងញាត់ចូលក្នុងឡានរួចក៏បើកចេញឆ្ពោះទៅ Kananga, Leyte និង ក្រោយមកក៏ឃើញបើកតម្រង់ទៅក្រុង Tacloban។ ប៉ូលិសបានបញ្ជាក់ដែរថា ប្រសិនបើក្រុមគ្រួសាររាយការណ៍ពីការបាត់ខ្លួនទាន់ពេលវេលា នោះពួកគេអាចបញ្ឈប់ឡាននោះនៅទីតាំងត្រួតពិនិត្យ។

តាមប្អូនស្រីរបស់ជនរងគ្រោះ បានទម្លាយថា នាង Arradaza គឺបានទាក់ទងជាមួយបុរសម្នាក់ឈ្មោះ Pay-ap Drilon នៅព្រឹកថ្ងៃដែលនាងចាប់ខ្លួននោះ។ បច្ចុប្បន្ន ប៉ូលិសកំពុងតាមស្រាវជ្រាវចាប់ជនសង្ស័យ និង ស៊ើបអង្កេតរកមូលហេតុពិតប្រាកដពីក្រោយការធ្វើឃាតកម្មយ៉ាងព្រៃផ្សៃលើជនរងគ្រោះបែបនេះ៕