កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ នាយកដ្ឋានប៉ូលិសប្រចាំក្រុងញ៉ូយ៉ក (NYPD) បានទម្លាយរូបភាពច្បាស់ៗនៃមុខមាត់របស់ជនសង្ស័យក្នុងករណីបាញ់ប្រហារលើ CEO ក្រុមហ៊ុនធានារ៉ាប់រង UnitedHealthcare លោក Brian Thompson។ រូបភាពដែលទម្លាយនេះដែរ ខាងប៉ូលិសទទួលបានពីកាមេរ៉ាសុវត្ថិភាពនាម៉ូតែលមួយឈ្មោះ HI New York City នាតំបន់ Upper West Side នៃ Manhattan ដែលជាកន្លែងដែលជនសង្ស័យរូបនោះអាចជួលបន្ទប់ស្នាក់នៅមុនធ្វើសកម្មភាព។
ខុសប្លែកពីរូបភាពដែលប៉ូលិសទម្លាយមុនៗ រូបភាពទទួលបានក្រោយនេះគឺជនសង្ស័យបិទបាំងតែក្បាលរបស់គេជាមួយមួកជាប់អាវ hoody ប៉ុណ្ណោះ ប៉ុន្តែមុខមាត់របស់គេត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់។ តាមរយៈសារព័ត៌មាន ABC News ស្រង់របាយការណ៍ពីប្រភពពាក់ព័ន្ធនឹងបញ្ហាឃាតកម្មនេះ បានឱ្យដឹងថាការឃើញមុខមាត់ពិតរបស់ជនសង្ស័យកាន់តែធ្វើឱ្យប៉ូលិសខិតទៅរកការកំណត់អត្តសញ្ញាណពិតប្រាកដរបស់គេហើយ។
គួររំឭកថា កាលពីព្រលឹមថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) លោក Brian Thompson ជា CEO ក្រុមហ៊ុនធានារ៉ាប់រង UnitedHealthcare ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហាររហូតបាត់បង់ជីវិតនៅតំបន់ Manhattan ក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញលោក Brian Thompson អាយុ ៥០ ឆ្នាំ ស្លៀកពាក់ឈុតអាវធំពណ៌ខៀវ ដើរតាមផ្លូវខាងមុខសណ្ឋាគារ New York Hilton នៅវេលាម៉ោង ៦ និង ៤៤ នាទីព្រឹកថ្ងៃទី ០៤ ខែធ្នូកន្លងទៅ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអ្នកវិនិយោគប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
យ៉ាងណាមិញ ខណៈលោកដើរចេញមិនបានប៉ុន្មានក៏លេចវត្តមានបុរសម្នាក់ពាក់អាវ hoody ពណ៌ខ្មៅស្ពាយកាតាបពណ៌ប្រផេះដើរចេញពីចំណតឡានក្បែរនោះទាញកាំភ្លើងចេញមកតម្រង់បាញ់សំដៅទៅកាន់លោក Brian ជាច្រើនគ្រាប់រហូតដួលស្ដូកស្ដឹងនៅនឹងកន្លែងតែម្ដង។លោក Brian Thompson ត្រូវបានបាញ់ចំខ្នង និង ជើង ដោយលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវេលាម៉ោង ៦ និង ៤៨ នាទីព្រឹក ប៉ុន្តែជាអកុសលលោកត្រូវបានប្រកាសថាស្លាប់នៅម៉ោង ៧ និង ១២ នាទីព្រឹកថ្ងៃដដែលនោះ៕