កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់) មានហេតុការណ៍ដ៏តក់ស្លុតមួយបានកើតមានឡើងនៅក្រុង Khanapur សង្កាត់ Nirmal ប្រទេសឥណ្ឌា ដោយទារិកាអាយុទើបតែបាន ២៨ ថ្ងៃម្នាក់ ត្រូវថប់ដង្ហើមរហូតស្លាប់ក្រោយត្រូវឪពុកស្រវឹងដេកសង្កត់ពីលើ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Times of India។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ៥ ទៅ ៦ ព្រឹក ហើយបើតាមការបញ្ជាក់របស់ប៉ូលិស ជនសង្ស័យជាឪពុកមានឈ្មោះ Alakunta Shekar អាយុ ២២ ឆ្នាំ ដែលជាកម្មករនៅភូមិ Cheemanapally នៅថ្ងៃកើតហេតុបានទៅកាន់ផ្ទះរបស់ម្ដាយក្មេកទាំងខ្លួនឯងស្ថិតក្នុងស្ថានភាពស្រវឹង។
តាមការឱ្យដឹង ប្រពន្ធរបស់ Shekar គឺទើបតែសម្រាលកូនទី ៣ របស់ពួកគេរួច (ទារិការងគ្រោះ) ដោយរូបនាងបានទៅស្នាក់នៅឯផ្ទះរបស់ម្ដាយ។ Shekar ទាំងដែលដឹងហើយថាប្រពន្ធ និង កូនស្រីតូចកំពុងដេកលើគ្រែ រូបគេបែរជាមិនខ្វល់ពីប្រពន្ធ និង កូន ឡើងទៅដេកក្បែរគ្នានោះរហូតកិនសង្កត់កូនរហូតថប់ដង្ហើមស្លាប់តែម្ដង។
ក្រោយកើតហេតុ ស្ត្រីជាយាយរបស់ទារិការងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ប៉ូលិសក្រុង Khanapur នៅរសៀលថ្ងៃកើតហេតុនោះ ដោយរូបគាត់បាននិយាយថា Shekar គឺកើតមានជម្លោះជាមួយគ្រួសារ ហើយទទូចចង់យកប្រពន្ធទៅផ្ទះវិញភ្លាមៗក្រោយនាងសម្រាលកូនរួច។
តាមស្ត្រីជាយាយបានរៀបរាប់ថា៖ «នៅយប់ថ្ងៃទី ១៩ ខែឧសភា Shekar បានមកកាន់ផ្ទះរបស់យើង គោះទ្វារទាត់ទ្វារជាច្រើនដង ទាមទារឱ្យប្រពន្ធរបស់គេទៅផ្ទះវិញ។ ពួកយើងអត់បើកទ្វារឱ្យគេចូលឡើយ។ យ៉ាងណាមិញ នៅម៉ោងប្រមាណជា ៥ ព្រឹកចូលថ្ងៃទី ២០ ខែឧសភា កូនប្រុសរបស់ខ្ញុំបានចេញទៅបន្ទប់ទឹកហើយក៏ភ្លេចបើកចំហទ្វារចោល។ Shekar ក៏បានលួចចូលរួចក៏ដេកលើគ្រែដោយមិនដឹងថាខ្លួនឯងដេកសង្កត់លើកូនឡើយ។ កូនស្រីរបស់ខ្ញុំភ្ញាក់ឡើងក៏ស្រែកពេលដែលនាងបានដឹងថាប្ដីបានដេកសង្កត់លើកូន។ ពួកយើងក៏បានបើកភ្លើង ហើយ Shekar ក៏ភ្ញាក់ដឹងខ្លួន ទើបពួកយើងបានឃើញថាក្មេងកំពុងហូរឈាម ហើយនាងក៏ត្រូវបានប្រកាសថាស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ»។
តាមពាក្យបណ្ដឹងរបស់ស្ត្រីជាយាយក្មេងរងគ្រោះ ប៉ូលិសក៏បានកត់ទុកករណីនេះជាករណីឃាតកម្ម។ Shekar ដែលជាឪពុកក្មេងរងគ្រោះ និង ជាជនបង្កដែរនោះត្រូវបានប៉ូលិសចាប់ខ្លួននៅថ្ងៃទី ២១ ខែឧសភា ដោយបច្ចុប្បន្នកំពុងឃុំខ្លួនរង់ចាំការកាត់ក្ដីតាមផ្លូវច្បាប់៕