តាមការចេញផ្សាយព័ត៌មានបានឱ្យដឹងថា កងទ័ពអាកាសកូរ៉េខាងត្បូងបានសម្រេចបណ្ដេញមន្ត្រីរបស់ខ្លួនចំនួន ២ រូប ក្រោយហេតុការណ៍ដ៏រន្ធត់ដែលកងទ័ពបានបង្កើតកំហុសទម្លាក់គ្រាប់ពិតចំភូមិពលរដ្ឋរស់នៅ បណ្ដាលឱ្យផ្ទះសម្បែងពលរដ្ឋមួយចំនួនរងការខូចខាត និង រងរបួសមនុស្សជាច្រើននាក់។
ខាងកងទ័ពអាកាសបានបញ្ជាក់ថា មន្ត្រី ២ នាក់របស់ខ្លួន ម្នាក់ជាវរសេនីយ៍ឯក និង ម្នាក់ទៀតជាវរសេនីយ៍ទោ បានបរាជ័យក្នុងការបំពេញតួនាទីរបស់ពួកគេដោយធ្វេសប្រហែសក្នុងការត្រួតពិនិត្យសុវត្ថិភាព។ ទង្វើរបស់ពួកគេត្រូវបានចាត់ទុកថាជាការបំពានកាតព្វកិច្ចធ្ងន់ធ្ងរបង្កឡើងដោយការខ្វះការត្រួតពិនិត្យ និង គ្រប់គ្រងការបញ្ជាឱ្យបានត្រឹមត្រូវ។
គួររំឭកផងដែរថា ហេតុការណ៍ដ៏រន្ធត់ខាងលើបានកើតឡើងកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ វេលាម៉ោង ១០ ព្រឹក (ពេលវេលាក្នុងតំបន់) នៅពេលដែលយន្តហោះចម្បាំងកូរ៉េខាងត្បូង ២ គ្រឿង បានទម្លាក់គ្រាប់ Mark 82 ចំនួន ៨ គ្រាប់ទៅលើតំបន់ពលរដ្ឋរស់នៅ។ គ្រោះថ្នាក់នេះដែរកើតមានឡើងអំឡុងពេលធ្វើសមយុទ្ធទម្លាក់គ្រាប់ពិតរវាងកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក។ ហេតុការណ៍ទម្លាក់គ្រាប់ខុសគោលដៅនេះដែរ បានបណ្ដាលឱ្យមនុស្ស ២៩ នាក់រងរបួស និង ខូចខាតផ្ទះសម្បែងពលរដ្ឋមួយចំនួន៕
ប្រភព៖ Koreaboo