យន្តហោះធន់តូចមួយគ្រឿង បានជួបគ្រោះថ្នាក់ធ្លាក់បុកអគារ និង ឡានតាមដងផ្លូវជាច្រើននាតំបន់ក្នុងក្រុង Philadelphia បង្កជាការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅគួរឱ្យតក់ស្លុតជាទីបំផុត។
យន្តហោះធន់តូច Learjet 55 បានធ្វើការហោះឆ្ពោះទៅព្រលានយន្តហោះ Springfield-Branson នារដ្ឋ Missouri ក្រោយចាកចេញពីព្រលាន Northeast Philadelphia កាលពីយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ (ពេលវេលាក្នុងតំបន់)។
យ៉ាងណាមិញ ក្រោយហោះចេញបានមិនដល់ ១ នាទីផង យន្តហោះមួយគ្រឿងនោះមិនដឹងជួបបញ្ហាអ្វីក៏បានធ្លាក់ចុះមកក្រោមវិញបុកអគារបុកឡានផ្ទុះឆេះខ្លាំងក្លាតែម្ដង។
តាមការបញ្ជាក់ពីខាងសហព័ន្ធរដ្ឋបាលអាកាសចរណ៍បានឱ្យដឹងថា លើយន្តហោះនោះមានមនុស្សចំនួន ២ នាក់ ប៉ុន្តែនៅមិនទាន់ច្បាស់ឡើយថាមនុស្សទាំងពីរនាក់នោះអាចគេចចេញពីយន្តហោះមុនធ្លាក់ឬក៏យ៉ាងណានោះឡើយ។ ជាមួយគ្នានោះដែរ តាមប្រភពពីប៉ូលិសប្រាប់សារព័ត៌មាន CBS News បានបញ្ជាក់ដែរថា មានមនុស្សជាច្រើននាក់ធ្វើដំណើរតាមផ្លូវបានរងរបួសក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយនេះ៕
ប្រភព៖ Dailymail