ករណីមួយនៅក្នុងប្រទេសចិន បានធ្វើឱ្យក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមានស្ត្រីវ័យ ៤០ ឆ្នាំម្នាក់បានទៅមន្ទីរពេទ្យ និង ធ្វើការវះកាត់យកក្រួសចេញពីថង់ទឹកប្រមាត់រហូតដល់ជិត ១០០ គ្រាប់។

តាមសារព័ត៌មាន China Press បានឱ្យដឹងថា ស្ត្រីខាងលើត្រូវបានគ្រូពេទ្យវះយកក្រួសសរុបចំនួន ៩៥ គ្រាប់ចេញ ដោយការកកើតក្រួសច្រើនសន្ធឹកផ្ដុំក្នុងថង់ទឹកប្រមាត់នេះដែរគឺពាក់ព័ន្ធនឹងទម្លាប់មិនដែលញ៉ាំអាហារពេលព្រឹករបស់នាង។

ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ស្ត្រីជាអ្នកជំងឺរូបនេះគឺទម្លាប់ហៅបងប្អូនស្រីរបស់ខ្លួនមកញ៉ាំអាហារពេលយប់ក្រោយខ្លួនបញ្ចប់ម៉ោងការងារនៅយប់ជ្រៅ។ បន្ថែមពីនេះ នាងក៏មានទម្លាប់គេងរហូតដល់ថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើឱ្យនាងមិនដែលបានញ៉ាំអាហារពេលព្រឹកឡើយ គឺញ៉ាំតែអាហារថ្ងៃមួយដងប៉ុណ្ណោះ។ ដោយសារទម្លាប់មិនល្អទាំងនេះហើយ នាងតែងតែមានបញ្ហាក្រពះជាញឹកញាប់រហូតដល់ដំណាក់កាលទ្រាំលែងបានទើបរត់រកពេទ្យឱ្យជួយ។

តាមការរៀបរាប់របស់គ្រូពេទ្យដែលវះកាត់ឱ្យស្ត្រីខាងលើបាននិយាយថា៖ <<ខ្ញុំមិនរំពឹងថាមានក្រួសច្រើនដល់ថ្នាក់នេះទេ។ វាពិតជាកម្រមែនទែន។ មានក្រួសច្រើនខ្លាំងបែបនេះគឺប្រឈមហានិភ័យខ្លាំងណាស់។ វាដូចប៉េងប៉ោងមានទឹកដែលពេញទៅដោយដុំក្រួសដូច្នោះដែរ។ នៅពេលវេលាណាមួយ វានឹងបិទបំពង់ទឹកប្រមាត់ ឬបង្កទៅជាការរលាកលំពែងស្រួចស្រាវ>>៕

ប្រភព៖ World Of Buzz