នារីវ័យក្មេងជនជាតិចិនម្នាក់ ត្រូវចូលពេទ្យសង្គ្រោះដោយសារតែកើតរោគរលាកក្រលៀនធ្ងន់ធ្ងរ ក្រោយទម្លាប់ប្ដូរពណ៌សក់ជារៀងរាល់ខែ។ នារីខាងលើមានវ័យ ២០ ឆ្នាំ ស្គាល់ឈ្មោះថា Hua តាមឱ្យដឹង នាងតែងតែផ្លាស់ប្ដូរពណ៌សក់ជារៀងរាល់ខែ ដើម្បីឱ្យដូចនឹងតារាសំណព្វចិត្តរបស់នាង។
យ៉ាងណាមិញ ក្រោយមកមិនបានប៉ុន្មាន Hua ក៏ចាប់ផ្ដើមកើតមានអាការដូចជា ចេញកន្ទួលក្រហមលើជើង ចុកពោះ និង ចុកចាប់ត្រង់សន្លាក់។ ដោយទ្រាំនឹងការឈឺចាប់មិនបាន នាងក៏ទៅមន្ទីរពេទ្យហើយក៏រកឃើញថា ខ្លួនកើតមានជំងឺពាក់ព័ន្ធនឹងក្រលៀន។ តាមគ្រូពេទ្យបានឱ្យដឹងថា នារីខាងលើកើតរោគនៅក្រលៀនក៏ដោយសារតែសារធាតុពុលក្នុងថ្នាំលាបសក់បានជ្រាបចូលរាងកាយនាង។
គ្រូពេទ្យបានព្រមានទៀតថា ថ្នាំលាបសក់គឺមានផ្ទុកសារធាតុពុលដែលអាចបណ្ដាលឱ្យអ្នកលាបប្រឈមនឹងជំងឺខ្សោយតម្រងនោម និង បញ្ហាផ្លូវដង្ហើមផងដែរ និង ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ វាក៏បង្កើនហានិភ័យនៃការកើតជំងឺមហារីកទៀតផង៕
ប្រភព៖ Indiatimes