អ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Edinburgh បានបង្កើតវិធីសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការកម្ចាត់ការបំពុលប្លាស្ទិកដោយការបម្លែកកាកសំណល់ប្លាស្ទិកទៅជាសារធាតុ «វ៉ាន់នីលីន» ដែលជាសារធាតុផ្សំចម្បងក្នុងការបង្កើតជារសជាតិ និង ក្លិនវ៉ាន់នីឡា។ បើតាមការសិក្សាដែលបានចេញផ្សាយនៅ Green Chemistry បានបង្ហាញពីសក្ដានុពលនៃជីវវិទ្យាសំយោគដើម្បីកែច្នៃកាកសំណល់ PET ទៅជាផលិតផលមានតម្លៃអាចប្រើប្រាស់ក្នុងអាហារ គ្រឿងសម្អាង និង តាមឧស្សាហកម្មបាន។
ក្រុមអ្នកស្រាវជ្រាវបានធ្វើវិស្វកម្មហ្សែនលើបាក់តេរី Escherichia coli ដើម្បីបំប្លែងអាស៊ីត terephthalic ឱ្យបំបែកប្លាស្ទិក PET ឬ ប្លាស្ទិកធម្មតាមាននៅក្នុងដបទឹក តាមរយៈប្រតិកម្មគីមីមួយចំនួនឱ្យទៅជាសមាសធាតុ វ៉ាន់នីលីន។ បើតាមលោកស្រី Joanna Sadler អ្នកស្រាវជ្រាវនៅ BBSRC Discovery Fellow បានឱ្យដឹងថា នេះជាឧទាហរណ៍លើកដំបូងហើយក្នុងការប្រើប្រាស់ប្រព័ន្ធជីវសាស្ត្រទៅកែច្នៃកាកសំណល់ប្លាស្ទិក។
ជាមួយគ្នានោះដែរ លោកដុកទ័រ Stephen Wallace ប្រធានផ្នែកស៊ើបអង្កេត និង ជា UKRI Future Leaders Fellow បានលើកឡើងដែរថា ការសិក្សានេះបង្ហាញឱ្យឃើញពីសក្កានុពលនៃប្លាស្ទិកជាប្រភពកាបូនដ៏មានតម្លៃសម្រាប់ផលិតជាផលិតផលដែលមានតម្លៃខ្ពស់។ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ដែរថា សមាសធាតុវ៉ាន់នីលីនដែលផលិតបានមកនេះគឺសមទៅនឹងតម្រូវការរបស់មនុស្ស។ គួរឱ្យដឹងដែរថា ការសិក្សានេះដែរកំពុងកំណត់ដំណាក់កាលស្រាវជ្រាវ និង ការតេស្តពិសោធបន្ថែម ដែលត្រូវការដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផលិតសមាសធាតុវ៉ាន់នីលីន៕
ប្រភព៖ ISAAA