ថ្មីៗ តារាចម្រៀង Justin Bieber បានធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល និង ផ្ទុះប្រតិកម្មជាខ្លាំង ក្រោយរូបលោកបានធ្វើការបង្ហោះលើបណ្ដាញសង្គម Instagram អមដោយ caption យ៉ាងច្បាស់ៗរឿងធ្លាប់ឈ្លោះតឹងសរសៃកជាមួយ Hailey ជាប្រពន្ធ ដោយចោទប្រកាន់នាងថាមិនមានការគោរពដល់ខ្លួន និង រិះគន់ថា នាងគ្មានថ្ងៃឡើងលើក្របមុខរបស់ទស្សនាវដ្ដី Vogue ឡើយ។
តាមរយៈ Caption ដើមដែល Justin បានបង្ហោះលើរូបភាពដែល Hailey ស្ថិតលើក្របមុខរបស់ទស្សនាវដ្តី Vogue បានសរសេររៀបរាប់ថា៖ «Yo នេះរំឭកខ្ញុំនៅពេលដែល Hailey និង ខ្ញុំកើតមានជម្លោះទាស់ទែងគ្នាខ្លាំង។ ខ្ញុំបានប្រាប់នាងថា នាងនឹងគ្មានថ្ងៃឡើងលើក្របរបស់ទស្សនាវដ្ដី Vogue ឡើយ។ Yikes ខ្ញុំដឹងថាខ្ញុំកាចបន្តិចហើយ តែដោយហេតុផលខ្លះក៏ព្រោះតែខ្ញុំមានអារម្មណ៍ថាមិនត្រូវបាននាងគោរព ហើយខ្ញុំគិតថាខ្ញុំត្រូវធ្វើសងឱ្យស្មើគ្នាវិញ។ ខ្ញុំគិតថាពេលដែលយើងកាន់តែចាស់ទុំទៅទើបយើងដឹងថាយើងមិនអាចជួយអីគ្នាបានដោយការសងសឹកឱ្យស្មើភាពគ្នាបែបនេះទេ។ យើងគ្រាន់តែពន្យារនូវអ្វីដែលពួកយើងចង់បាន នោះគឺភាពស្និទ្ធស្នាល និង ទំនាក់ទំនងល្អ។ ដូច្នេះហើយ អូនសំឡាញ់ អូនក៏បានដឹងហើយដែរ ប៉ុន្តែឱ្យបងសុំទោសដែលបងធ្លាប់និយាយថាអូនគ្មានថ្ងៃឡើងលើក្រប Vogue ដែលពិតណាស់ដែលបងច្រឡំ»។
យ៉ាងណាមិញ Justin Bieber ក៏បានកែ Caption ដើមទៅជាដាក់រូប Emoji មួយចំនួនវិញ ក្រោយ Caption ដើមរបស់លោកត្រូវបានរងការរិះគន់ពីមហាជនដូចទឹកបាក់ទំនប់៕