ទីភ្នាក់ងារ FBI បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន ១០ ម៉ឺនដុល្លារ ដល់អ្នកដែលរកឃើញ និង ផ្ដល់ដំណឹងឈានដល់ការចាប់ខ្លួនជនសង្ស័យលើករណីបាញ់សម្លាប់សកម្មជន Charlie Kirk ក្រោយរូបភាពមួយចំនួនរបស់ជនសង្ស័យត្រូវបានបញ្ចេញជាសាធារណៈ។
នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ភ្នាក់ងារស៊ើបអង្កេត FBI បានបញ្ចេញរូបភាពជនសង្ស័យក្នុងករណីសម្លាប់សកម្មជនអភិរក្សនិយម Charlie Kirk នៅក្នុងសកលវិទ្យាល័យមួយនាក្រុង Orem រដ្ឋ Utah សហរដ្ឋអាមេរិក។ តាមរូបភាពដែលបង្ហាញ ជនសង្ស័យមានពាក់មួក baseball ពាក់វ៉ែនតាខ្មៅ និង អាវយឺតដៃវែងពណ៌ខ្មៅមានព្រីនរូបទង់ជាតិអាមេរិកនៅពីមុខ។
ក្រោយមក ខាងទីភ្នាក់ងារក៏បានអំពាវនាវដល់សាធារណៈឱ្យជួយតាមរកជនសង្ស័យរូបនេះ ជាមួយនឹងប្រាក់រង្វាន់រហូតដល់ ១០ ម៉ឺនដុល្លារ ប្រសិនបើមានព័ត៌មានឈានដល់ការកំណត់មុខសញ្ញា និង ចាប់ខ្លួនជនសង្ស័យបាន។ នេះបើតាមការបង្ហោះរបស់ FBI លើបណ្ដាញសង្គម X។
តាមការបញ្ជាក់របស់ប្រធាន FBI លោក Kash Patel បាននិយាយថា លោកគឺចុះទៅដោយផ្ទាល់ក្នុងការដឹកនាំក្រុមប្រមាញ់ឧក្រិដ្ឋជននៅរដ្ឋ Utah។ លោក រួមជាមួយអនុប្រធាន Dan Bongino គឺនៅក្រុង Orem នាពេលដែលលោក Kirk ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនោះ។ ជនសង្ស័យទំនងជាមានវ័យស្របាលៗនឹងនិស្សិត ហើយបើតាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា ខ្មាន់កាំភ្លើងរូបនោះបានផ្លាស់ទីពេញសាកលវិទ្យាល័យ Utah Valley នៅវេលាម៉ោង ១១ និង ៥២ នាទីព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ ឡើងទៅលើដំបូលពីមុខទីតាំងលោក Kirk រៀបចំពិធីសំណេះសំណាលជាមួយសិស្សក្នុងសាលា ហើយក៏បានបាញ់ប្រហាររួចលោតចុះទៅក្នុងសួនរត់គេចចូលព្រៃបាត់ទៅ៕
ប្រភព៖ VN Express