ថ្មីៗនេះ មានអ្នកវិទ្យាសាស្ត្រនៅប្រទេសអូស្ត្រាលីបានប្រកាសស្រាវជ្រាវរកឃើញ «ភាពមិនប្រក្រតី» មួយនៅឯបាតមហាសមុទ្រឥណ្ឌាដោយអះអាងថានោះគឺជាទីតាំងធ្លាក់យន្តហោះ MH370 ដែលបានបាត់ស្រមោលអស់រយៈពេល ១១ ឆ្នាំមកនេះ។
ដុកទ័រ Vincent Lyne អតីតអ្នកជំនាញនៅវិទ្យាស្ថានសិក្សាផ្នែកសមុទ្រ និង អង់តាកទិច នាមហាវិទ្យាល័យ Tasmania ប្រទេសអូស្ត្រាលី បានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះជុំវិញការស្រាវជ្រាវរកឃើញ «ភីកសែលពណ៌លឿង (yellow pixel)» ក្នុងគំរូមួយនៅបាតមហាសមុទ្រឥណ្ឌា ដោយលោកថែមទាំងបានលើកឡើងទៀតថាវាគឺជាសញ្ញាកំណត់ទីតាំងនៃបំណែកយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនកាលពី ១១ ឆ្នាំមុន។
តាមការរៀបរាប់ពីលោក Lyne បានឱ្យដឹងថា សញ្ញានៃភាពមិនប្រក្រតីនេះគឺរកឃើញមានទីតាំងនៅរយៈទទឹង 33°02′ S និង បណ្ដោយ 100°27′ E ក្នុងរណ្ដៅមួយនៅចុងខាងកើត Broken Ridge ដែលជាជ្រលងភ្នំដ៏រដិបរដុបនៅបាតនៃមហាសមុទ្រឥណ្ឌា។ លោកបានស្រាវជ្រាវឃើញភាពមិនប្រក្រតីនេះតាមរយៈទិន្នន័យទទួលបានពី Global Bathymetric Survey of the Seabed (GEBCO)។
លោក Lyne បានរៀបរាប់ថា៖ «នៅជម្រៅជ្រៅក្រោមសមុទ្រដែល Broken Ridge ជួបគ្នានឹងតំបន់ Diamantina fault គឺឃើញមានពន្លឺភីកសែលមួយកើតឡើង។ វាស្ថិតក្នុងជម្រៅ ៥៧៥០ ម៉ែត្រប៉ុន្តែនៅតែមិនទាន់អាចកំណត់ច្បាស់ប្រាកដជាក់នៅឡើយ តែវាមើលទៅគឺដូចទៅនឹងទីតាំងនៃបំណែកយន្តហោះ MH370..»។
គួររំឭកថា យន្តហោះ Boeing 777 ជើងហោះហើរលេខ MH370 ដឹកមនុស្សសរុប ២៣៩ នាក់ បានបាត់ខ្លួនពីកញ្ចក់រ៉ាដាកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៤ កន្លងទៅ ខណៈគោលដៅហោះចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងរយៈពេល ១១ ឆ្នាំមកនេះ បេសកកម្មរុករកជាច្រើនត្រូវបានធ្វើឡើងប៉ុន្តែនៅតែមិនទទួលបានលទ្ធផលច្បាស់លាស់អ្វីនោះឡើយ៕
ប្រភព៖ VN Express