ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមក្នុងប្រទេសចិនកំពុងផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញវីដេអូស្ដែងៗមួយនៃរ៉ូបូតមួយគ្រឿងសុខៗស្រាប់តែបាត់បង់ម្ចាស់ការវាយប្រហារលើអ្នកបញ្ជាទាំងដែលពួកគេកំពុងតែដំណើរការវា។
វីដេអូនោះដែរគឺថតក្នុងរោងចក្រមួយនៅប្រទេសចិន ដោយបង្ហាញឱ្យឃើញរ៉ូបូតមួយគ្រឿងខណៈអ្នកវិស្វករកំពុងដំណើរការសុខៗ ស្រាប់តែវាបាត់បង់ម្ចាស់ការ គ្រវីគ្រវាត់ដៃស្ទុះទៅរកបុរសម្នាក់ដែលអង្គុយក្បែរនោះបណ្ដាលឱ្យលោកត្រូវរត់គេចចេញដើម្បីសុវត្ថិភាពភ្លាមៗ។ សកម្មភាពដ៏ហិង្សារបស់រ៉ូបូតមួយគ្រឿងនោះដែរបានធ្វើឱ្យកុំព្យូទ័រ និង របស់របរលើតុក្បែរនោះត្រូវបានធ្លាក់រប៉ាត់រប៉ាយទៅលើដី។
សកម្មភាពចលាចលនៃរ៉ូបូតត្រូវបញ្ចប់ទៅវិញ នៅពេលដែលបុរសម្នាក់បានទៅពីក្រោយរ៉ូបូតនោះដើម្បីចុចបិទប៊ូតុង។ ហេតុការណ៍ដ៏កម្រនេះដែរ ត្រូវបានឱ្យដឹងថាកើតមានឡើងកាលពីដើមខែនេះ ដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ នៅលើបណ្ដាញសង្គម មនុស្សភាគច្រើនបង្ហាញក្ដីបារម្ភជុំវិញករណីដែលមនុស្សមិនអាចគ្រប់គ្រងបញ្ជារ៉ូបូតដែលពួកគេផលិតបាន ដែលអាចបង្កជាគ្រោះថ្នាក់ណាមួយនៅថ្ងៃអនាគត។ ជាក់ស្ដែង អ្នកលេងបណ្ដាញសង្គមម្នាក់បានសរសេររៀបរាប់ថា៖ «ប្រហែលថ្ងៃណាមួយ សង្គ្រាមរវាងមនុស្ស និង រ៉ូបូតដូចក្នុងរឿងវិទ្យាសាស្ត្រ នឹងកើតមានឡើងក្នុងជីវិតពិត»៕