នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ នេះ ប៉ុស្តិ៍ប៉ូលិសភាគខាងកើតក្រុង Yongjin នាខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា តារាសម្ដែង Song Young Kyu បានទទួលមរណភាពទៅហើយក្នុងវ័យ ៥៥ ឆ្នាំ។ សាកសពរបស់លោកត្រូវបានស្ត្រីម្នាក់ប្រទះឃើញនៅវេលាម៉ោង ៨ ព្រឹក (ពេលវេលាក្នុងតំបន់) ក្នុងឡាន នៅតំបន់ Cheoin-gu ខេត្ត Gyeonggi។

តាមការកោសល្យវិច័យដំបូងលើឡានដែលប្រទះឃើញសាកសពលោក Song Young Kyu នោះ ខាងអាជ្ញាធររកមិនឃើញមានលិខិតបណ្ដាំអត្តឃាត ឬសញ្ញានៃការធ្វើឃាតនោះឡើយ។ បច្ចុប្បន្ន ប៉ូលិសបានធ្វើការបិទកន្លែងកើតហេតុដើម្បីស៊ើបអង្កេតបន្តរកមូលហេតុនៃការស្លាប់របស់តារាប្រុសល្បីរូបនេះ។

ដំណឹងមរណភាពភ្លាមៗរបស់តារាសម្ដែងប្រុស Song Young Kyu បានធ្វើឱ្យវិស័យកម្សាន្តនៅកូរ៉េមានការតក់ស្លុតខ្លាំង។ គួរបញ្ជាក់ដែរថា ១០ ថ្ងៃមុនលោកប្រទះឃើញស្លាប់ តារាប្រុស Song Young Kyu គឺរងរឿងអាស្រូវបើកបរក្នុងស្ថានភាពស្រវឹង ដែលរឿងមួយនេះបានប៉ះទង្គិចអាជីពរបស់លោកជាខ្លាំង។

ពិធីបុណ្យសពរបស់តារាសម្ដែង Song Young Kyu នឹងរៀបចំធ្វើឡើងនៅទីតាំងធ្វើពិធីបុណ្យ Davos Hospital នៅក្រុង Yongin ប្រទេសកូរ៉េខាងត្បូង។ គួររំឭកថា តារាសម្ដែង Song Young Kyu បានកើតក្នុងឆ្នាំ ១៩៧០ និង ចូលប្រឡូកវិស័យសិល្បៈក្នុងឆ្នាំ ១៩៩៤។ លោកបានបង្ហាញទេពកោសល្យសម្ដែងក្នុងរឿងជាច្រើនគ្រប់ទម្រង់ មិនថារឿងភាគ ឬរឿងភាពយន្តនោះឡើយ។ រឿងភាគល្បីៗដែលធ្វើឱ្យលោកផ្ទុះប្រជាប្រិយភាពខ្លាំងរួមមានរឿង «Penthouse 3», «Reply 1988», «Extreme Job», «Hwarang» និង រឿង «Memories of the Alhambra» ជាដើម៕