កាលពីព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ វិស័យសិល្បៈកូរ៉េបានតក់ស្លុត និង សោកស្ដាយជាខ្លាំង ក្រោយទទួលដំណឹងថា តារាសម្ដែងប្រុសដ៏ល្បី Son Young Kyu បានទទួលមរណភាពភ្លាមៗក្នុងវ័យ ៥៥ ឆ្នាំ។ យ៉ាងណាមិញ ភាពភ្ញាក់ផ្អើលមួយនេះមិនទាន់ទាំងរសាយផង ស្រាប់តែមហាជនកូរ៉េទទួលដំណឹងតក់ស្លុតមួយទៀតជាថ្មី ដោយតារាចម្រៀងប្រុសជើងចាស់ដ៏ល្បី Kang Rin ត្រូវគេប្រទះឃើញស្លាប់ក្នុងសណ្ឋាគារមួយកន្លែងនៅតំបន់ Yeouido ក្រុងសេអ៊ូល។

តាមការចេញផ្សាយរបស់សារព័ត៌មាន Financial News បានឱ្យដឹងថា តារាចម្រៀងប្រុស Kang Rin បានលាចាកលោកទៅក្នុងវ័យ ៥៨ ឆ្នាំ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ប៉ុន្តែដំណឹងមរណភាពរបស់លោកគឺទើបតែត្រូវបានប៉ូលិសប្រកាសថ្មីៗនេះប៉ុណ្ណោះ ដោយមូលហេតុនៃការស្លាប់ភ្លាមៗរបស់ Kang Rin គឺនៅមិនទាន់ដឹងនៅឡើយទេ។ យ៉ាងណាមិញ អាជ្ញាធរបានឱ្យដឹងថា ពួកគេរកមិនឃើញដាននៃបទឧក្រិដ្ឋណាមួយនៅទីតាំងកើតហេតុនោះឡើយ តែយ៉ាងណាការស៊ើបអង្កេតនៅបន្តធ្វើឡើងដើម្បីរកមូលហេតុស្លាប់ពិតប្រាកដ។

Kang Rin ដែលមានឈ្មោះពិតប្រាកដថា Kang In Gu បានចូលប្រឡូកវិស័យចម្រៀងលើកដំបូងក្នុងឆ្នាំ ១៩៩៣ ក្នុងនាមជាសមាជិកក្រុម EOS។ បទចម្រៀងល្បីៗរបស់ក្រុង EOS រួមមានបទ «Dream», «Illusion and Delusion», «You’re Not Others» និង «Separate Ways» ជាដើម។ មកដល់ឆ្នាំ ១៩៩៥ ក្រោយក្រុម EOS ប្រកាសរំសាយ តារាចម្រៀង Kang Rin ក៏បានបន្តដំណើរជីវិតសិល្បៈតន្ត្រីដោយបង្កើតក្រុមមួយឈ្មោះថា Lynn O&X ហើយក្រោយមកទៀតលោកក៏ប្រែខ្លួនមកជាផលិតករនៅ Yedang Sound៕

