ជាដំណឹងដ៏រន្ធត់ និង តក់ស្លុតមួយសម្រាប់អ្នកគាំទ្រខ្សែភាពយន្តហុងកុង ដោយអតីតតារាសម្ដែងជើងចាស់ លោកតា Tang Chia ស្វាមីតារាសម្ដែងស្រីជើងចាស់ Hung Suet Nei ហៅ Suet Nay បានទទួលមរណភាពហើយក្នុងវ័យ ៨៨ ឆ្នាំ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ដោយការធ្លាក់ពីលើអគារខ្ពស់នាតំបន់ Jordan ក្រុងហុងកុង។
តាមសារព័ត៌មាននៅហុងកុងបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតមានឡើងនៅវេលាម៉ោងប្រមាណ ៥ ល្ងាច (ពេលវេលាក្នុងតំបន់) ដោយប៉ូលិសទទួលបានការរាយការណ៍ពីអ្នកបើកបរម្នាក់ដែលជាសាក្សីផ្ទាល់ឃើញបុរសម្នាក់ធ្លាក់ពីលើអគារមក បុកជាមួយស្លាកសញ្ញាលើដងផ្លូវមុនធ្លាក់មកលើដីនាផ្លូវប្រសព្វផ្លូវ Austin និង Pine Tree Hill។ តាមការរៀបរាប់ ជនរងគ្រោះគឺស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយផ្នែកក្បាល និង រាងកាយលោកគឺរកឃើញនៅទីតាំងដាច់ដោយឡែកពីគ្នា។
គួរឱ្យដឹងថា បើទោះជាប៉ូលិសមិនមានឃើញសំបុត្របណ្ដាំណាមួយនៅកន្លែងកើតហេតុ ប៉ុន្តែករណីស្លាប់របស់តារាប្រុសជើងចាស់ហុងកុងរូបនេះត្រូវបានគេជឿជាក់ថាជាការធ្វើអត្តឃាតខ្លួនឯង ហើយមូលហេតុនោះគឺដោយសារតែក្ដីស្រឡាញ់របស់លោកមានចំពោះភរិយាធំធេងពេក។ លោកតា Tang Chia និង ភរិយា Hung Suet Nei ហៅ Suet Nay បានរៀបការរួមរស់ជាប្ដីប្រពន្ធនឹងគ្នារយៈពេលជាង ៥០ ឆ្នាំមកនេះ គឺត្រូវបានមហាជនចាត់ទុកជាគូស្នេហ៍តារាចិនដ៏គំរូ។ លោកតាគឺស្រឡាញ់ប្រពន្ធខ្លាំងណាស់ ដោយជាញឹកញាប់តែងឃើញជូនប្រពន្ធទៅកន្លែងថតកុនជានិច្ច ហើយក៏ដើរតួនាទីជាអង្គរក្ស ជាអ្នកគ្រប់គ្រង និង ជំនួយការរបស់ប្រពន្ធផ្ទាល់ផងដែរ។
យ៉ាងណាមិញ បើតាមសារព័ត៌មាន KK01 កាលពីថ្មីៗកន្លងទៅ លោកយាយ Suet Nay បានរកឃើញថាកើតជំងឺមហារីកលំពែងដោយត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ។ តាមប្រភពបាននិយាយថា ខណៈមើលថែទាំប្រពន្ធឈឺ លោកតា Tang Chia គឺបង្ហាញអាការបាក់ទឹកចិត្ត ដោយលោកតាថែមធ្លាប់បានប្រាប់កូនប្រុសថាលោកតាពិបាកចិត្ត និង សង្ឃឹមថាបានស្លាប់ទៅជាមួយប្រពន្ធ។ បន្ថែមពីនេះ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ លោកតាគឺគ្រោងនឹងទៅជួបនឹងខាងមេធាវីដើម្បីធ្វើលិខិតបណ្ដាំ ប៉ុន្តែអកុសល លោកតាបែរជាលាចាកពីពិភពលោកទៅមុនការធ្វើលិខិតបណ្ដាំនោះទៅទៀត៕
ប្រភព៖ Kenh14