កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ មានហេតុការណ៍អគ្គិភ័យដ៏រន្ធត់មួយបានឆាបឆេះមណ្ឌលថែទាំចាស់ជរាមួយកន្លែងនៅក្រុង Chengde ខេត្ត Hebei ប្រទេសចិន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២០ នាក់បានស្លាប់ក្នុងភ្លើង។
តាមភ្នាក់ងារសារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ នេះបានឱ្យដឹងបន្ថែមថា៖ «ចំពោះលោកតាលោកយាយដែលរងរបួសក្នុងហេតុការណ៍អគ្គិភ័យខាងលើត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជិតៗនោះដើម្បីពិនិត្យសុខភាព និង ទទួលការព្យាបាល»។ ដោយឡែក ចំពោះមូលហេតុបង្កជាការឆាបឆេះ ខាងអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។
គួររំឭកថា ប្រទេសចិនជួបហេតុការណ៍អគ្គិភ័យធ្ងន់ធ្ងរច្រើនករណីដែរកាលពីមុន។ ជាក់ស្ដែង កាលពីខែមករាកន្លងទៅ មានភ្លើងឆេះផ្សារបន្លែមួយកន្លែងក្នុងក្រុង Zhangjiakou ដែលបានឆក់យកអាយុជីវិតមនុស្ស ៨ នាក់ និង របួស ១៥ នាក់ ហើយកាលពីខែមុននេះ ក៏មានភ្លើងឆេះការដ្ឋានមួយនៅខេត្ត Shandong បណ្ដាលឱ្យមនុស្ស ៩ នាក់បាត់បង់ជីវិត៕