ព្យុះព្រិលដ៏ខ្លាំងក្លាបានវាយប្រហារកកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យមនុស្សប្រមាណជិត ១ ពាន់នាក់ត្រូវជាប់គាំងទៅណាលែងរួច រង់ចាំក្រុមសង្គ្រោះទៅជួយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរបស់ចិន កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ។
ក្រុមសង្គ្រោះរាប់រយនាក់ ត្រូវបានបញ្ជូនទៅជួយកាយព្រិលបើកផ្លូវទៅកាន់ជំរំលើភ្នំអេវើរេសដែលស្ថិតនៅកម្ពស់ជាង ៤៩០០ ម៉ែត្រភ្លាមៗ ដើម្បីជួយសង្គ្រោះអ្នកទេសចរដែលជាប់គាំងលើនោះដោយសារព្យុះព្រិល។ តាមព័ត៌មានបានឱ្យដឹងថា អ្នកទេសចរខ្លះត្រូវបានជួយចុះមកក្រោមវិញបានដោយសុវត្ថិភាព ប៉ុន្តែដោយសារតែស្ថានភាពអាកាសធាតុនៅតែបន្តមិនល្អ ធ្វើឱ្យការសង្គ្រោះមានការពិបាកយ៉ាងខ្លាំង។
បើតាមក្រុមហ៊ុន Tingri County Tourism ដែលជាអ្នកគ្រប់គ្រងតំបន់ Everest Scenic Area បានប្រកាសលើគណនី WeChat របស់ពួកគេថា ព្រិលចាប់ផ្ដើមធ្លាក់កាលពីយប់ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥ និង បន្តធ្លាក់ឥតឈប់ដល់ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៥ ដែលជាហេតុធ្វើឱ្យខាងអាជ្ញាធរបង្ខំចិត្តផ្អាកការលក់សំបុត្រឡើងភ្នំជាបណ្ដោះអាសន្ន និង បិទទីតាំងទេសចរណ៍លើភ្នំអេវើរេសចាប់ពីយប់ថ្ងៃទី ០៤ ខែតុលា ទៅ ដើម្បីធានាពីសុវត្ថិភាព។
បច្ចុប្បន្ន ខាងអាជ្ញាធរប្រទេសចិន មិនទាន់បញ្ចេញព័ត៌មានផ្លូវការណាមួយជុំវិញអ្នកស្លាប់ ឬរបួសនោះឡើយ ប៉ុន្តែបានចេញការព្រមានពីហានិភ័យនៃការរអិលបាក់ដី និង ការធ្លាក់ព្រិលនៅមានក្នុងកម្រិតខ្ពស់ដោយសារការធ្លាក់ចុះនៃសីតុណ្ហភាព និង កម្រាស់ព្រិលលើតំបន់ភ្នំនោះ៕