ស្ត្រីវ័យ ២២ ឆ្នាំម្នាក់នៅ Ponneri ក្រុង Chennai ប្រទេសឥណ្ឌា បានសម្រេចបញ្ចប់ជីវិតខ្លួនឯងក្រោយរៀបការបានទើប ៣ ថ្ងៃ ដោយមូលហេតុនោះត្រូវគេជឿថា ដោយសារតែប្ដីរបស់នាង និង ក្រុមគ្រួសារគេ ទាមទារបណ្ណាការបន្ថែមពីនាង។
ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Lokeshwari បានរៀបមង្គលការកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ។ មកដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ក្រោយនាំប្ដីទៅលេងផ្ទះឪពុកម្ដាយរបស់នាងរួច ស្រាប់តែគ្រប់គ្នាភ្ញាក់ផ្អើលពេលឃើញនាងបញ្ចប់ជីវិតខ្លួនឯងក្នុងបន្ទប់ទឹក។
តាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ បានចោទប្ដីរបស់ជនរងគ្រោះថាបានទាមទារមាសបន្ថែម សុំម៉ាស៊ីនត្រជាក់ និង ប្រដាប់ប្រដាផ្ទះបាយមួយចំនួនទៀតពីឪពុកម្ដាយខាងស្រី។ តាមប៉ូលិសបានលើកឡើងថា ប្ដីប្រពន្ធថ្មីថ្មោងមួយគូនេះបានឈ្លោះទាស់ទែងសម្ដីគ្នាមុនជនរងគ្រោះចាក់សោខ្លួនឯងក្នុងបន្ទប់ទឹករួចក៏ធ្វើអត្តឃាតទៅ។
តាមព័ត៌មានលេចឮ ក្រុមគ្រួសាររបស់ជនរងគ្រោះបានព្រមព្រៀងឱ្យថ្លៃបណ្ណាការជាកាក់មាសចំនួន ៥ ទៅឱ្យខាងប្រុស ដោយក្នុងមួយកាក់ស្មើនឹងមាសទម្ងន់ ៨ ក្រាម ប៉ុន្តែនៅថ្ងៃរៀបការខាងប្រុសទទួលបានកាក់ត្រឹម ៤ ប៉ុណ្ណោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារខាងប្រុសដាក់សម្ពាធទាមទារមាសបន្ថែមរហូតដល់កើតមានជម្លោះទាស់ទែងគ្នាបែបនេះ។
យ៉ាងណាមិញ ក្រុមគ្រួសារខាងកូនកំលោះបានចេញមកបដិសេធការបោទប្រកាន់ពីក្រុមគ្រួសារជនរងគ្រោះ ដោយទទូចថាពួកគេមិនបានធ្វើការទាមទារថ្លៃបណ្ណាការថែមនោះឡើយ។ ទោះជាយ៉ាងណា ដោយសារតែករណីនេះត្រូវបានខាងក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យបណ្ដឹង ដូច្នេះប៉ូលិសក៏បានចាប់ខ្លួនបុរសជាប្ដីបណ្ដោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតបន្តទៀត៕