ស្ត្រីជាអ្នកជំនួញម្នាក់នៅប្រទេសម៉ាឡេស៊ីឈ្មោះ Farhana Zahra ថ្មីៗនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែន ក្រោយរូបនាងបានចំណាយប្រាក់ ១ លានរីងហ្គីត (ប្រមាណ ២៣៥ ៧៩៣ ដុល្លារ) រៀបចំពិធីខួបកំណើតយ៉ាងអភិជនឱ្យកូនស្រីក្នុងវ័យគម្រប់ ១១ ឆ្នាំ ប៉ុន្តែយ៉ាងណានាងនៅមិនអស់ចិត្តរហូតចេញមុខសុំទោសកូនដែលចាយលុយមិនបានច្រើនជាងនេះ។
អ្វីដែលធ្វើឱ្យមហាជនតាមបណ្ដាញសង្គមភ្ញាក់ផ្អើលបើកភ្នែកធំៗនោះគឺថា កូនស្រីអាយុទើប ១១ ឆ្នាំទេ ប៉ុន្តែស្ត្រីជាម្ដាយបានឱ្យជាកាដូយ៉ាងប្រណីតៗជាច្រើនរួមមាន iMac, នាឡិកា Rolex និង រថយន្តទំនើប Toyota Vellfire MPV ដែលមានផ្លាកលេខឈ្មោះកូនស្រីលើនោះដោយផ្ទាល់។
ជាងនេះទៅទៀតនោះ តាមរយៈវីដេអូដែលខ្លួនបានបង្ហោះ ស្ត្រីជាអ្នកជំនួញខាងលើថែមទាំងបានដាក់ខេបសិនថា៖ «អត់ទោសឱ្យម៉ាក់ផងណា ម៉ាក់មានសមត្ថភាពផ្ដល់ឱ្យកូនបានតែប៉ុណ្ណឹងទេ។ ខ្ញុំចំណាយត្រឹម ១ លានរីងហ្គីតប៉ុណ្ណោះសម្រាប់ពិធីខួបកំណើតនេះ»។ បើតាមនាង Farhana បានឱ្យដឹងដែរថា នាងតែងតែបំពេញបំណងកូនស្រីសឹងតែរាល់ថ្ងៃទៅហើយ ដែលជាហេតុធ្វើឱ្យនាងមិនដឹងថាឱ្យអ្វីកូនស្រីទៀតក្នុងថ្ងៃខួបកំណើតរបស់នាង។ Farhana ក៏សង្ឃឹមថាកាដូរបស់នាងនឹងគ្រប់គ្រាន់អាចធ្វើឱ្យកូនស្រីនាងរីករាយបាន។
យ៉ាងណាមិញ ពាក្យពេចន៍សុំទោសចំពោះកូនស្រីពីសំណាក់អ្នកជំនួញស្រីរូបនេះបានទទួលមតិប្រតិកម្មជាច្រើន ដោយខ្លះរិះគន់ថារូបនាងបង្ហោះវីដេអូដើម្បីបង្អួតទ្រព្យ និង ដើម្បីចង់បាន view៕