រឿងរ៉ាវដ៏រន្ធត់ និង គួរជាមេរៀនមួយសម្រាប់អ្នកម្ដាយគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗ ក្រោយមានក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់នៅប្រទេសចិន បានជួបគ្រោះថ្នាក់ពេលកំពុងញ៉ាំស្ករតាំងម៉ែ។
តាមព័ត៌មានចិន Guangzhou Daily បានឱ្យដឹងថា ខណៈកំពុងញ៉ាំស្ករ ក្មេងប្រុសរូបនោះស្រាប់តែដួលធ្វើឱ្យឈើចង្កាក់ដោតស្ករនោះបានជង់ចូលតាមមាត់រហូតធ្លុះដល់ខួរក្បាលរងរបួសធ្ងន់ធ្ងរ។ គ្រួសារបានបញ្ជូនរូបគេទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ ដោយដល់ទីនោះគ្រូពេទ្យបានធ្វើ CT scan ហើយក៏បង្ហាញឱ្យឃើញឈើចង្កាក់ប្រវែង ១១ សង់ទីម៉ែត្របានបុកធ្លុះដល់ផ្នែកនៃខួរក្បាលរបស់គេដែលជាហេតុធ្វើឱ្យគ្រូពេទ្យមានការលំបាកខ្លាំងក្នុងការដកឈើនោះចេញព្រោះតែវាប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។
យ៉ាងណាមិញ ក្រោយព្យាយាមយ៉ាងស្វះស្វែងក្នុងការវះកាត់រយៈពេល ៧ ម៉ោង គ្រូពេទ្យក៏អាចដកឈើចង្កាក់នោះចេញបានដោយជោគជ័យមិនប៉ះពាល់ដល់អាយុជីវិតក្មេងឡើយ។ ក្មេងប្រុសបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ២ សប្ដាហ៍មុនពេលអាចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕