ពិធីបុណ្យសព បែរប្រែក្លាយទៅជាសោកនាដកម្មដ៏តក់ស្លុតមួយ ដោយមានហេតុការណ៍បាក់រលំជញ្ជាំងកម្ពស់ជិត ៣ ម៉ែត្រទាំងមេឃកំពុងភ្លៀង បណ្ដាលឱ្យមនុស្សចំនួន ៦ នាក់ត្រូវបាត់បង់ជីវិតនៅនឹងកន្លែង។

ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងនៅទីតាំងរៀបចំពិធីបុណ្យសពមួយនៅសង្កាត់ Zhaoyang ក្រុង Zhaotong ប្រទេសចិន កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ ប៉ុន្តែព័ត៌មានទើបផ្ទុះផ្អើលតាមបណ្ដាសារព័ត៌មាននាពេលថ្មីៗនេះ ក្រោយក្រុមគ្រួសារជនរងគ្រោះស្នើឱ្យមានការបញ្ចេញព័ត៌មានជាសាធារណៈ និង មានការទទួលខុសត្រូវលើគ្រោះថ្នាក់ដែលបានកើតឡើង។

តាមសារព័ត៌មាន 163.com ជញ្ជាំងដែលបានបាក់រលំនោះមានកម្ពស់ជិត ៣ ម៉ែត្រ និង ប្រវែងប្រមាណជា ១០ ម៉ែត្រ។ តាមសារព័ត៌មាន China Press បានឱ្យដឹងថា ជនរងគ្រោះបានទៅចូលរួមរំលែកទុក្ខនៅកន្លែងរៀបចំពិធីបុណ្យសពនាសង្កាត់ Zhaoyang ហើយក៏ជួបសោកនាដកម្មបែបនេះតែម្ដង។

ក្រោយហេតុការណ៍ ក្រុមគ្រួសារជនរងគ្រោះ គ្រាន់តែចង់ដឹងមូលហេតុពិតប្រាកដនៃសោកនាដកម្មនេះ និង សង្ឃឹមថាខាងអាជ្ញាធរអាចបញ្ចេញលទ្ធផលស៊ើបអង្កេតផ្លូវការពាក់ព័ន្ធនឹងករណីនេះផងដែរ ដើម្បីឱ្យក្រុមគ្រួសារជនរងគ្រោះអស់ចិត្ត៕
